(ប៉ោយប៉ែត, បន្ទាយមានជ័យ)៖ ដើម្បីលើកកម្ពស់សោភណភាព និង បង្អួតអត្តសញ្ញាណជាតិខ្មែរជូនភ្ញៀវអន្តរជាតិនោះ រដ្ឋាបាលក្រុងប៉ោយប៉ែត បានសម្រេចសាងសង់រង្វង់ថ្មីមួយដ៏ស្រស់ស្អាតរំលេចដោយប្រាង្គប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ បន្ទាយស្រី ដើមត្នោត ព្រមទាំងឈ្មោះនៃរាជធានី ខេត្តទាំង២៥របស់កម្ពុជាផងដែរ។

ច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត ដែលជាប់នឹងស្រុកអារញ្ញប្រាថេតរបស់ គឺជាច្រកដ៏សំខាន់មួយរបស់កម្ពុជានាពេលបច្ចុប្បន្ន ក្រៅពីការដោះដូរទំនិញ ច្រកមួយនេះបានដើរតួនាទីដ៏សំខាន់សម្រាប់ការចេញចូលរបស់អ្នកទេសចរអន្តរជាតិផងដែរ។ ច្រកទ្វារនេះ ជាខ្លោងទ្វារនៃការចូលមកដល់ដែនដីកម្ពុជា តែវាហាក់ខ្វះការយកចិត្តទុកដាក់លើសោភណភាពក៏គ្មាន ហើយភាពរញ៉េរញ៉ៃ និងភាពអសណ្តាប់ធ្នាប់កើតមានពេញបន្ទុក សូម្បីតែអគារបំពេញបែបបទភ្ញៀវចេញចូលក៏មិនមានភាពសមរម្យផងដែរ។ ផ្ទុយស្រឡះពីខាងភាគីថៃ ដែលមានរបៀបរៀបរយ និងសោភណភាពយ៉ាងស្រស់ស្អាតថែមទៀតផង។

ដើម្បីកែលំអរ និងលើកសម្រស់ខ្លោងទ្វារនៃដែនដីខ្មែរនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលបាននិងកំពុងសាងសង់ខ្លោងទ្វារ និង អគារសម្រាប់បំពេញបែបបទឆ្លងច្រកព្រំដែនថ្មីរំលេចដោយក្បូក្បាច់ចនាបថខ្មែរយ៉ាងល្អប្រណីត ដែលជាការលើកកម្ពស់សម្រស់ដែនដីកម្ពុជានៅច្រកទ្វារប៉ោយប៉ែត ឲ្យលេចត្រដែតឡើងមិនដូចពីអតីតកាលទៀតនោះឡើយ។

ក្រៅពីសាងសង់អគារបំពេញបែបបទឆ្លងកាត់ព្រំដែន និងខ្លោងទ្វារដ៏ស្រស់ស្អាតហើយនោះ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានរៀបចំកែលំអរ និងសាងសង់រង្វង់មូលក្រុងប៉ោយប៉ែត ស្ថិតចម្ងាយប្រមាណជា ៤០០ម៉ែត្រពីច្រកទ្វារនោះផងដែរ។

លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតដែលទើបផ្លាស់មកកាន់តំណែងថ្មី ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា រង្វង់មូលនេះមានជើងក្រោមទំហំរហូតដល់ទៅ ៤០ម៉ែត្រ និងមានកម្ពស់ប្រមាណជា ២៣ម៉ែត្រ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ រង្វង់មូលនេះ ត្រូវបានយកកំពូលប្រាសាទនិមិត្តរូបនៃខ្លោងទ្វារចាស់មកដាក់ ហើយមានសាងសង់ប្រាសាទព្រះវិហារ និងប្រាសាទបន្ទាយស្រីធ្វើអំពីថ្មថែមទៀតផង។

ក្រៅពីការរំលេចនូវកំពូលប្រាសាទរបស់ខ្មែរហើយនោះ ក៏មានការដាំដើមត្នោត និងឆ្លាក់ឈ្មោះរាជធានី ខេត្តទាំង២៥នៅជុំវិញរង្វង់មូលនោះផងដែរ។ បើតាមលោកអភិបាលក្រុងប៉ោយប៉ែត អ្វីដែលបានសាងសង់នៅរង្វង់ថ្មីនេះ គឺដើម្បីបង្ហាញពីអត្តសញ្ញាណជាតិរបស់ខ្មែរជូន ទៅភ្ញៀវទេសចរបរទេសតែម្តង ពោលពេលពួកគេជាន់ដីខ្មែរភ្លាម គេអាចដឹងថា ខ្មែរមានប្រាសាទ មានដើមត្នោតជាអត្តសញ្ញាណ។

លោក សាន ស៊ានហូ បានឲ្យដឹងថា រង្វង់មូលនេះគ្រោងចំណាយថវិកាសាងសង់ជាង ៥០ម៉ឺនដុល្លារ ហើយសាងសង់ឲ្យបានលឿនបំផុត។ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ពិធីក្រុងពាលីសាងសង់រង្វង់មូលត្រូវបានធ្វើឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ។

ដោយសារការសាងសង់រង្វង់មូលនេះធ្វើគ្របពីលើផ្លូវរថភ្លើង បាននាំឲ្យមានការព្រួយបារម្ភខ្លាចពីការរញ្ជួយប្រេះបង្កជាគ្រោះថ្នាក់ផ្សេងៗ។ ឆ្លើយតបកង្វល់នេះ លោក សាន ស៊ានហូ បានអះអាងថា ក្រុមវិស្វករបានសិក្សាយ៉ាងម៉ត់ចត់ដោយបានបុកគ្រឹះទៅក្រោមប្រមាណ ១ម៉ែត្រ ហើយបានចាក់បេតុងព័ទជុំវិញជាមួយកម្រាស់ក្រាស់ ដោយមិនមានរៀបឥដ្ឋនោះទេ។

លោក ស៊ានហូ អះអាងថា រង្វង់មូលនេះមានភាពរឹងមាំជាប់រាប់រយឆ្នាំ ការបើកបររថភ្លើងពីក្រោមនឹងមិនរង្គើដល់សំណង់នេះឡើយ។ សូមបញ្ជាក់ថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅថ្ងៃអនាគារ នឹងត្រូវរាជរដ្ឋាភិបាលប្រើសម្រាប់តែការឆ្លងកាត់របស់ភ្ញៀវទេសចរប៉ុណ្ណោះ មិនមានការដោះដូរទំនិញទៀតនោះឡើយ។ ការដោះដូរទំនិញនឹងត្រូវធ្វើនៅច្រកថ្មី គឺច្រកស្ទឹងបត់៕

រូបភាពខ្លោងទ្វារ និងអគារបំពេញបែបបទចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលកំពុងដំណើរការសាងសង់

រូបភាពទីតាំង ដែលត្រូវសាងសង់រង្វង់មូលថ្មី