(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក កែម រិទិ្ធសិត ប្អូនប្រុសបង្កើតសពលោកបណ្ឌិត កែម ឡី បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយដែលមានឈ្មោះថា គណបក្ស កែម ឡី ដែលជាឈ្មោះរបស់បងប្រុសរបស់លោក ដើម្បីចូលរួមការបោះឆ្នោតនីតិកាលទី៦ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោក កែម រិទ្ធិសិត បានប្រកាសតាមរយៈសេចក្តីប្រកាសព័ត៌មានមួយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ការបង្កើតគណបក្ស កែម ឡី គឺមានគោលបំណងយកទស្សនទានល្អៗ របស់លោកបណ្ឌិតទៅបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ជាពិសេសការបង្កើតគណបក្សនេះ ស្របតាមច្បាប់គឺដើម្បីទប់ស្កាត់ដល់ ក្រុមជ្រុលនិយមមួយចំនួនតែងតែយកឈ្មោះលោកបណ្ឌិត កែម ឡី ទៅធ្វើជាឧបករណ៍កេងចំណេញនយោបាយដើម្បីបម្រើមហិច្ឆតារបស់ពួកគេជារៀងរាល់ថ្ងៃ។

ប្អូនប្រុសបង្កើតសពបណ្ឌិត កែម ឡី សូមអំពាវនាវដល់បងប្អូនជនរួមជាតិ បងប្អូនដែលជាអ្នកស្រឡាញ់រាប់អានលោកបណ្ឌិត កែម ឡី មេត្តាអញ្ជើញចូលរួមជាមួយ គណបក្ស កែម ឡី ដើម្បីរក្សាកិត្តិនាមរបស់លោកបណ្ឌិត និងបន្តបេសកកម្មឱ្យសម្រេចនូវបំណងប្រាថ្នារបស់លោកបណ្ឌិតនៅថ្ងៃខាងមុខនេះ។