(ភ្នំពេញ)៖ ព្រះសង្ឃមួយអង្គគង់នៅវត្តក្រាំងធ្នង់ ខណ្ឌសែនសុខ បាននិមន្តបិណ្ឌបាត នៅខណ្ឌពោធិ៍សែនជ័យ ស្រាប់តែបែកថ្នាំ លែងដឹងខុសត្រូវ វីវក់វង្វេងស្មារតី មករាំចាក់ក្បាច់ ដោះស្បង់ជីពរចេញ រួចបញ្ចេញក្បាច់គុណ នៅលើសួនច្បាររង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរ ដេញចាប់ប្រគល់ជូនមន្រ្តីធម្មការ និងសាសនាខណ្ឌ កាលពីវេលា ព្រឹកថ្ងៃទៅ២៤ ខែកុម្ភៈ ឆ្នាំ២០១៨។

ព្រះសង្ឃមួយអង្គនេះ ព្រះនាម ឌួង វណ្ឌី ព្រះជន្ន២១ព្រះវស្សា បួសរៀនជាសង្ឃនៅខេត្តបាត់ដំបង ទើបតែវិលមកគង់នៅវត្តក្រាំងធ្នង់ ចេញចូលភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព្រះសង្ឃអង្គនេះ បានបួសរៀន ជាសង្ឃរយៈពេល៦ខែមកហើយ នៅឯខេត្តបាត់ដំបង ហើយប្រើប្រាស់ថ្នាំញៀន តាំងពីពេលនោះមក រហូតដល់ចាកចេញពីវត្ត មកទីក្រុងភ្នំពេញ រយៈពេល១ខែនេះ មកគង់ស្នាក់នៅជាបណ្តោះអាសន្ន នៅវត្តក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា គេឃើញព្រះសង្ឃមួយអង្គ និមន្តបិណ្ឌបាតមកដល់សួនច្បាររង្វង់មូលចោមចៅ ស្រាប់តែបែកថ្នាំ ដោះស្បង់ជីពរចេញ ស្លៀកតែសំពត់ងូត ហក់ឡើងទៅលើស្តូប ចម្លាក់ រាំបញ្ចេញក្បាច់គុណ បង្កឲ្យភ្ញាក់ផ្អើលអ្នកដំណើរ។

ភ្លាមៗនោះខាងអាជ្ញាធរ និងសមត្ថកិច្ច ក៏បានដេញចាប់ និងឃាត់ខ្លួនព្រះសង្ឃមួយអង្គនោះ នាំយកទៅសាលាសង្កាត់ចោមចៅទី៣ និងបន្តនាំទៅកាន់វត្តជម្ពូវ័ន ដើម្បីឲ្យអនុគណគង់ប្រចាំទីនោះ ចាត់វិធានការទៅតាម វិន័យសង្ឃតែម្តង៕