(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈនេះបានបញ្ជាក់តាមរយៈ Facebook ថា នៅថ្ងៃនេះ គឺថ្ងៃខួបទី៣៩ឆ្នាំ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០១៨) ដែលសម្តេចជួបជុំជាមួយភរិយា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ឡើងវិញ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរៀបរាប់ពីទុក្ខវេទនា ដែលព្រាត់ប្រាស់ជាមួយភរិយា និងកូន ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតផងដែរ។

សម្តេចតេជោ​ ហ៊ុន​ សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ២៤ កុម្ភៈជាខួបលើកទី៣៩ឆ្នាំ នៃថ្ងៃជួបជុំឡើងវិញ រវាងខ្ញុំជាមួយ រ៉ានី ភរិយាខ្ញុំ (២៤កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០១៨)។ នេះជាថ្ងៃបញ្ចប់នូវទុក្ខសោក នៃស្ថានភាពទុក្ខស្រីប្តីព្រាត់ និងស្ថានភាពស្វាមីព្រាត់ភរិយា ឬនិយាយមួយបែបទៀត គឺការបញ្ចប់ស្ថានភាពខ្ញុំជាបុរសពោះម៉ាយ ឯ រ៉ានី ក៏បានបញ្ចប់ស្ថានភាពជាស្ត្រីមេម៉ាយកូនមួយដែរ។

តាំងពីរាត្រីថ្ងៃ២០ មិថុនា ១៩៧៧មក ខ្ញុំមិនដែលទទួលព័ត៌មាន ពីភរិយាខ្ញុំថា រស់ឬស្លាប់នោះទេ គឺគ្មានដំណឹងតែម្តង។ ទឹកភ្នែកខ្ញុំហូរចេញមករាប់លានដំណក់ ជាមួយការឈឺចាប់ដែលមិនអាចសរសេរ ឬនិយាយឱ្យអស់សេចក្តីបាន។

ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ដោយរកពុំឃើញទាំងនៅផ្ទះខាងឪពុកម្តាយក្មេក និងផ្ទះខាងឪពុកម្តាយខ្ញុំ ធ្វើឱ្យខ្ញុំគិតថា ភរិយាខ្ញុំស្លាប់បាត់ទៅហើយ។ ដើម្បីសុវត្តិភាព និងដើម្បីក្រពះ រ៉ានី និងក្រុមគ្រួសារបានមកដើររើសគួស្រូវ នៅស្រុកត្បូងឃ្មុំ ដោយយករទេះគោធ្វើជាផ្ទះដេកតាមវាលស្រែ។ ពេលនោះ រ៉ានី មានឈ្មោះជាភរិយារដ្ឋមន្ត្រីក្រសួងការបរទេសហើយ ឯ ម៉ាណែត ក៏មានឈាមជាកូនរដ្ឋមន្ត្រីដែរ តែគេទាំង២នាក់ម្តាយកូន សុខចិត្តដេកតាមវាលស្រែ ម៉ាណែត វាលេងតាមភ្លឺស្រែ រស់នៅដោយលាក់ប្រវត្តិ ដើម្បីធានាសុវត្តិភាព ក្នុងពេលសភាពការណ៍ នៅច្របូកច្របល់នៅឡើយ។

ឯខ្ញុំវិញឃើញថ្នាក់ដឹកនាំផ្សេងទៀត ជួបជុំគ្រួសារចូលរួមអបអរសាទតែខ្លួនឯង ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម និងក្រៀមក្រំជានិច្ច។ ល្ងាចថ្ងៃ២៤ កុម្ភៈ ១៩៧៩ រ៉ានី នាំកូនមកដល់ផ្ទះ ដែលបានបញ្ចប់នូវស្ថានភាពព្រាត់ហើយជួប និងជួបហើយព្រាត់ ក្រោយរៀបការថ្ងៃ ៥ មករា ១៩៧៦។ អ្វីដែលចងចាំជាងគេគឺ ម៉ាណែត ហៅខ្ញុំថា ពូរយៈពេល២ខែ ហើយគេតែងដេញខ្ញុំចេញមិនឱ្យទៅជិតម្តាយរបស់គេ។

រឿងរបស់ខ្ញុំគ្រាន់តែជារឿងតូចមួយ នៃរឿងរ៉ាវដែលបានកើតឡើង ចំពោះប្រជាជនកម្ពុជានាសម័យ របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមកដល់ពេលនេះ មនុស្សស្ទើរគ្រប់ក្រុមគ្រួសារបាននិរាសព្រាត់ប្រាស់ ដែលគ្មានពេលបានជួបជុំឡើងវិញផង។ នេះហើយគឺជាមូលហេតុដែលខ្ញុំ ប្ដូរប្តេជ្ញរក្សាសន្តិភាពឱ្យខានតែបាន»