(ស្ទឹងត្រែង)៖ ចោរមួយក្រុមបានរោងសិប្បកម្មកែច្នៃឈើមួយកន្លែង ដោយលួចដឹកជញ្ជូនគ្រឿងសង្ហារឹម​ ប៉ុន្តែមិនបានសម្រេច​ត្រូវបានម្ចាស់រោងសិប្បកម្មមកទាន់ ​ចាប់ក្របួចករអាវជាប់២នាក់ រួចហើយប្រគល់ទៅឲ្យអាវុធហត្ថខេត្តស្ទឹងត្រែង។

មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានឲ្យនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ហេតុការណ៍នេះ កើតឡើង​នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចរោងសិប្បកម្មឈ្មោះ ចែ​ថាំ ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។​

ប្រភពពីម្ចាស់រោងសិប្បកម្មកែច្នៃឈើឈ្មោះចែ ថាំ បានបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុខាងលើនៅវេលាម៉ោងប្រមាណ​៩​ គាត់និងប្តី​បានជិះរថយន្តចេញពីផ្ទះ ចង់ទៅមើលកន្លែងដាក់គ្រឿងសង្ហារឹមរបស់គាត់ ហើយក៏ប្រទះឃើញ ជនសង្ស័យដោយចៃដន្យម្នាក់ កំពុងលើកដាក់គ្រឿងសង្ហារឹម ដឹកតាមម៉ូតូបម្រុងចេញមកខាងក្រៅ នៅពេលនោះគាត់ក៏បានហក់ទៅចាប់ក្បាលម៉ូតូ ហើយត្រូវបានជនសង្ស័យបុកត្រូវចំជើង រួចក៏បានចាប់ក្របួចជាប់ករអាវ ចំណែកប្តីរបស់គាត់ ក៏បានជួយចាប់ទាញគូថម៉ូតូពីក្រោយ បន្ទាប់មកក៏បានស្រែកអ្នក​នៅជិតទីនោះឲ្យមកជួយបន្ថែម ដោយ​ចាប់ជាប់ជនសង្ស័យម្នាក់ ចំណែកបក្ខពួកផ្សេងៗទៀត​រត់គេចខ្លួនទៅបាត់​។

ក្រោយមកនៅព្រឹកឡើងថ្ងៃទី២៣ ខែកុម្ភៈ​នេះ ជនសង្ស័យម្នាក់ទៀតមានឈ្មោះទៀង ជាជនជាតិវៀតណាម មុខរបរជាងតុទូ រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង បាន​សារភាពថា ខ្លួនពិតជាបានលួចពិតប្រាកដមែន ទើបជាលើកទី១នោះទេ បន្ទាប់មកគាត់ក៏បាននាំខ្លួនយកឲ្យអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួររកវត្ថុតាង និងបក្ខពួកមួយចំនួនទៀត​។

បើតាមម្ចាស់សិប្បកម្ម ​ជនសង្ស័យ​នេះ កាលពីមុនគេធ្លាប់បានធ្វើជាងធ្វើតុទូនៅជាមួយ​គាត់ ក្រោយមកក៏សុំឈប់ ហើយតែដោយសាររូបគេ​ធ្លាប់នៅជាមួយ​ទើបដឹងក្រឡុកក្រលាតអស់ ហើយគាត់ធ្លាប់ទុកចិត្តឲ្យកាន់កូនសោរចាក់ចេញចូលយកឥវ៉ាន់ តែមិនដឹងគេលួចទៅចំលងកូនសោរទុកតាំងពីពេលណា។ លុះក្រោយមកឥវ៉ាន់ចេះតែបាត់ ហើយតាំងពីដើមខែមករាមក ដល់ចុងខែកុម្ភៈនេះ ​​បានបាត់អស់កៅអីចំនួន២២៤ គ្រែ១ និងទូរសម្អាងចំនួន១៤​។

តាមការរៀបរាប់ពីឈ្មោះ ប៊ុត ថន ​ត្រូវជាបងប្រុសរបស់ជនសង្ស័យម្នាក់ឈ្មោះ ប៊ុត សុខឃេត ​បានប្រាប់ថា ប្អូនរបស់គាត់មិនមែនជាចោរនោះទេ គេគ្រាន់តែអ្នកស៊ីឈ្នួលរត់ឌុប ដឹកឥវ៉ាន់ឲ្យ​ឈ្មោះ ទៀង ខាងលើនោះគេបាន​ហៅឲ្យទៅដឹកកៅអីនៅទីតាំងខាងលើ ដោយ​និយាយថា គឺជារបស់ម៉ាក់​គេ។

បងប្រុសរបស់ជនសង្ស័យឈ្មោះ ប៊ុត សុខឃេត បានបញ្ជាក់ថា គាត់មក​បញ្ជាការ​ដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង គឺគ្រានតែមកសុំដោះស្រាយយកប្អូនប្រុស​ឲ្យត្រឡប់ទៅផ្ទះវិញ ដើម្បីប្រកបរកស៊ីចិញ្ចឹមគ្រួសារ ពីព្រោះ​ប្អូនប្រុសរបស់គាត់អត់ខុសអ្វីនោះទេ គ្រាន់តែស៊ីឈ្នួលដឹកគ្រឿងសង្ហារឹមឲ្យគេមិនដឹថា ជារបស់ចោរនោះដែរ​។

ពាក់ព័ន្ធករណីនេះ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្ត បានឲ្យដឹងថា ក្រោយពីបានម្ចាស់អ្នកលក់គ្រឿងសង្ហារឹម ចាប់បានជនសង្ស័យ២នាក់ ប្រគល់ឲ្យអាវុធហត្ថខេត្ត ហើយបានដាក់ពាក្យបណ្តឹងនៅកន្លែងអាវុធហត្ថទៀតនោះ ក្រោយពី​​មន្ត្រីជំនាញអាវុធហត្ថធ្វើការសួរនាំ រួចហើយនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ លោកបានដឹកនាំកម្លាំងរបស់អាវុធហត្ថ​ខេត្តចុះឆែកឆេរនៅតាមទីកន្លែងរោងសិប្បកម្ម និងកន្លែងលក់គ្រឿងសង្ហារឹម ដែលខ្លួនរបស់ជនសង្ស័យឈ្មោះ ទៀង បានឆ្លើយប្រាប់ថា​មានចំនួនបីទីតាំង​។​

ដោយឡែកបានរកឃើញវត្ថុតាងតែចំនួនពីរទីតាំងនោះទេ កន្លែងទី១៖ រកឃើញគ្រែមួយ និងកៅអីឈើចំនួន៦៤នៅកន្លែង ដែលគេកំពុងបាញ់ថ្នាំ និងទីតាំងទី២៖ បានរកឃើញនៅកន្លែងលក់គ្រឿងសង្ហារឹម ម្ចាស់ផ្ទះ គឹម ហេង នៅទល់មុខសណ្ឋាគារអង្គរមាស ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់​ស្ទឹងត្រែង មានទូរសម្អាងចំនួន៤ និងកៅអីឈើមួយចំនួនទៀត​។

លោកបានបញ្ជាក់ថា គ្រឿងសង្ហារឹមដែលរកឃើញនោះ ត្រូវបានដឹកយកទៅទុកនៅទីបញ្ជាការ​ដ្ឋានកងរាជអាវុធហត្ថខេត្ត រីឯម្ចាស់អ្នកដែលទទួលទិញ របស់ចារកម្មគ្រឿងសង្ហារឹមនោះ បើតាមច្បាប់ត្រូវមានទោស ឥឡូវនេះគ្រាន់តែហៅយកទៅធ្វើការសួរនាំ ​និងចាត់ការទៅតាមផ្លូវច្បាប់៕