(សៀមរាប)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងជំរុញដល់មន្ដ្រីពាក់ព័ន្ធទាំងអស់ ពិសេសអង្គការដៃគូសុខាភិបាល ដែលជាម្ចាស់ជំនួយប្រញាប់ ចុះអនុសារណៈយោគយល់ គ្នាទៅវិញទៅមក ជាមួយមន្ទីរសុខាភិបាលខេត្ត ឲ្យបានឆាប់បំផុត ដើម្បីថ្នាក់ខេត្តទទួលបានថវិកា អនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់បានយ៉ាងឆាប់រហ័ស។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារ អេមព្រីសអង្គរខេត្តសៀមរាប ។

រដ្ឋមន្ដ្រី បន្ដថា ការចូលរួមចំណែក យ៉ាងសកម្មពីមន្ដ្រីពាក់ព័ន្ធនេះ គឺជាភាពចំាបាច់បំផុត ដើម្បីសម្រេចឲ្យបាន នូវផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ របស់រាជរដ្ឋាភិបាល ពិសេសគឺក្នុងដំណាក់កាលដំបូង ត្រូវលុបបំបាត់ឲ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម​​ នាឆ្នាំ២០២០ ព្រមទាំងខិតខំទប់ស្កាត់ការរាតត្បាតរបស់ជំងឺគ្រុនឈាមបានទាន់ពេលវេលា និងរក្សា និងពង្រីកអត្រាគ្របដណ្តប់ការផ្តល់ថ្នាំទម្លាក់ព្រូនជាសមូហភាព ឱ្យនៅខ្ពស់លើសពី ៩០%។
លោកសាស្ដ្រាចារ្យ បានថ្លែងទៀតថា លើសពីនោះ អត្រាស្លាប់ដោយជំងឺគ្រុនចាញ់បានថយចុះយ៉ាងខ្លាំង គឺមានតែ១នាក់ក្នុងឆ្នាំ២០១៧ តែចំនួនអ្នកឈឺនៅមានចំនួនច្រើនដែលត្រូវផ្តោតការយកចិត្តទុកដាក់ ផ្តល់ការធ្វើតេស្តរកជំងឺគ្រុនចាញ់ ដោយធ្វើតេស្ត រកជំងឺគ្រុនចាញ់ លើក្រុមប្រជាជន ដែលប្រឈមនៅតាមតំបន់ដែលមានអ្នកជំងឺគ្រុនចាញ់ច្រើននិងផ្តល់ថ្នាំគ្រុនចាញ់ព្យាបាលភ្លាមៗតែម្តងពេលធ្វើតេស្តឃើញភ្លាម ។

រដ្ឋមន្ត្រី បានណែនាំឲ្យមន្ទីរសុខាភិបាលខេត្ត ដែលមានចំនួនអ្នកឈឺគ្រុនចាញ់ច្រើន ដូចជាខេត្តកំពង់ស្ពឺ មណ្ឌលគីរី រតនគីរី ពោធិ៍សាត់ ក្រចេះ ត្រូវអនុវត្ត ផ្តល់កាធ្វើតេស្ត រកជំងឺគ្រុនចាញ់ ជូនដល់ប្រជាជនដែលប្រឈមខ្ពស់ និងតំបន់ដែលមានជំងឺគ្រុនចាញ់ខ្ពស់ ដោយផ្តល់ថ្នាំគ្រុនចាញ់ជូនភ្លាមៗ ប្រសិនបើមានគ្រុនចាញ់ (test and treat)ដោយមិនបង្អែរបង្អង់យូរឡើយ។ ធ្វើយ៉ាងដូច្នេះ ទើបអាចជម្រុញការកាត់បន្ថយបានលឿននូវចំនួនអ្នកឈឺ។ ចំពោះខេត្ដដែលមានតំបន់មានករណីគ្រុនចាញ់ច្រើន ត្រូវបង្កើនសកម្មភាពរុករកស្រាវជ្រាវនិងព្យាបាលទ្វេរដង។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីបានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងមន្ទីរសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវលទ្ធផលល្អគួរជាទីមោទនៈនាឆ្នាំ២០១៧កន្លងមក របស់កម្មវិធីជាតិទាំងបីគឺកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន ដែលបានធ្វើឲ្យអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ បានចុះទាបជាងសូចនាករផែនការលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០២០ ចំណែកឯអត្រាអាំងស៊ីដង់ និងអត្រាស្លាប់នៃជំងឺគ្រុនឈាម ក៏ស្ថិតនៅទាបជាងសូចនាករគ្រោងសម្រាប់ឆ្នាំ២០១៧ ដោយឡែកការផ្តល់ថ្នាំទម្លាក់ព្រូន ជាសមូហភាពដល់ក្រុមគោលដៅ បានជាង៥លាននាក់។

គួររម្លឹកថា ការបិតសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាល នេះក៏មានវត្តមានចូលរួមពីសំណាក់ឯកអភិបាលរងរាជធានី-ខេត្ត ទីប្រឹក្សាអមក្រសួងសុខាភិបាល លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល តំណាងនាយកដ្ឋានសុខាភិបាលនៃក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ លោកវេជ្ជបណ្ឌិត លូ យុនហ្គ័រ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងដៃគូសុខាភិបាលផ្សេងទៀត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥ រាជធានី-ខេត្ត មន្រ្តី និងបុគ្គលិកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត លោក លោកស្រីតំណាងមជ្ឈមណ្ឌលជាតិ តំណាងក្រសួងមន្ទីរនានា តំណាងដៃគូអភិវឌ្ឍសុខាភិបាល និងភ្ញៀវជាតិ អន្តរជាតិ សរុបចំនួន៣៣១រូបផងដែរ ៕