(ភ្នំពេញ)៖ ជនរងគ្រោះនៃរបបខ្មែរក្រហមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានសម្រេចតាមរយៈ អនុក្រឹត្យលេខ១៩អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំជា «ទិវាជាតិនៃការចងចាំ» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៃកម្ពុជា សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។

លោក នេត្រ ភក្ត្រា ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា ការកំណត់យកថ្ងៃទី២០ ឧសភា ជាទិវាជាតិនៃការចងចាំ គឺជាការនូវសាលក្រមតុលាការ និងអនុវត្តនូវកម្មវិធីគម្រោងសំណងសមូហភាព និងផ្លូវចិត្ត ដែលស្នើសុំឡើងដោយជនរងគ្រោះ នៅក្នុងសំណុំរឿង ០០២/០១ តាមរយៈសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី និងក្រោមការសម្របសម្រួលរបស់អង្គភាពគាំពារជនរងគ្រោះនៃ អ.វ.ត.ក ដែលបានស្នើឱ្យដាក់អនុវត្ត «ទិវាជាតិនៃការចងចាំ» ក្នុងប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ។

លោក នេត្រ ភក្ត្រា បានថ្លែងថា «ទិវាជាតិនៃកាចងចាំ» គឺជាគម្រោងមួយក្នុងចំណោមគម្រោងសំណងទាំង១១ ក្នុងក្របខណ្ឌនៃកម្មវិធីសំណងសមូហភាព និងផ្លូវចិត្តរបស់ជនរងគ្រោះ ជាដើមបណ្តឹងរដ្ឋប្បវេណីនៃសំណុំរឿង ០០២/០១។ យោងតាមសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង សហមេធាវីនាំមុខ មានគោលបំណង
បង្កើតឱ្យមានទិវាជាតិនៃការចងចាំជាផ្លូវការមួយដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលសម្រាប់ការផ្តល់កិត្តិយសដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ទាំងអស់ដែលបានស្លាប់
បាត់បង់ជីវិត និងអ្នកដែលរស់រានមានជីវិត និងទទួល ស្គាល់ពីឧក្រិដ្ឋកម្មដែលបានកើតមានឡើងនៅក្នុងរបបខ្មែរក្រហម។ សហមេធាវីនាំមុខអះអាងថា ការបង្កើតឱ្យមានទិវា ជាតិនៃការចងចាំនេះនឹងផ្តល់នូវការទទួលស្គាល់ជាផ្លូវការ និងជាអចិន្ត្រៃយ៍ចំពោះការ ឈឺចាប់របស់ដើមបណ្តឹងរដ្ឋប្បវេណី និងលើកកម្ពស់ការ
លោក នេត្រ ភក្ត្រា បានថ្លែងថា ឆ្លើយតបនឹងសំណើររបស់ជនរងគ្រោះ រាជរដ្ឋាភិ បាលកម្ពុជាបានយល់ព្រមប្រកាសយកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំជាថ្ងៃឈប់ សម្រាកបុណ្យជាតិ។

លោក នេត្រ ភក្ត្រា បានបន្តថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិ បាលកម្ពុជា «ទិវាជាតិនៃការចងចាំ» នេះត្រូវបានកំណត់ថាជាថ្ងៃឈប់សម្រាកសាធារណៈ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឱ្យរៀបចំពិធីតាមជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួនក្នុងគោលបំណងដើម្បី៖ ១-លើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ២- លើកតម្កើងដល់ការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់ ឬបាត់បង់ជីវិតក៏ដោយ។ ៣-ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ។ ៤-ចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និង ៥-លើក កម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យ កើតមានឡើងសាជាថ្មី។

ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គម្រោងសំណងសមូហភាព និងផ្លូវចិត្តទាំង ១១ ដែលតុលាការបានសម្រេចផ្តល់សំណុំរឿង ០០២/០១ ដែលទាក់ទងនឹងការចងចាំ ការអប់រំ ការស្តារនីតិសម្បទាជាដើម ត្រូវបានអនុវត្ត ហើយគម្រោងសំណងទាក់ទងនឹង ទិវាជាតិនៃការចងចាំនេះគឺជាគម្រោងចុងក្រោយគេដែលបានអនុវត្តក្នុងសំណុំរឿង ០០២/០១។

បើតាមលោក នេត្រ ភក្ត្រា សំណុំរឿង ០០២/០១ ត្រូវបានបិទបញ្ចប់ជាស្ថាពរ តាមរយៈសាលដីការបស់អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅ ដោយសម្រេចតម្កល់សាលក្រមនៃអង្គជំនុំជម្រះសាលាដំបូងក្នុងការផ្តន្ទាទោសជនជាប់ចោទ នួន ជា និងខៀវ សំផនដាក់ពន្ធនាគារអស់មួយជីវិតពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ នួន ជា បច្ចុប្បន្នមានអាយុ៩២ឆ្នាំ និងខៀវ សំផន មានអាយុ ៨៧ ឆ្នាំ កំពុងប្រឈមមុខការចោទប្រកាន់ ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាមក្នុងសំណុំរឿង ០០២/០២ ហើយសាលក្រម នៃសំណុំរឿងនេះគ្រោងនឹងប្រកាសនៅដំណាច់ឆមាសទី១ ឆ្នាំ ២០១៨ ខាងមុខនេះ៕