(កណ្ដាល)៖ ខណៈសល់តែ២សប្ដាហ៍ទៀត ពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ នឹងឈានចូលមកដល់នោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានដឹកនាំកិច្ចប្រជុំ និងចុះត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យព្រឹត្តិការណ៍ដ៏ធំនេះដំណើរទៅដោយរលូន ក្នុងនោះលោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា និរន្តរភាពទេសចរណ៍តាមដងទន្លេ នឹងផ្លល់ប្រយោជន៍ដល់ប្រជាជន។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅសាលាខេត្តកណ្ដាល ដែលធ្វើឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត ម៉ៅ ភិរុណ រួចមក គណៈអធិបតីរួមជាមួយក្រុមការងារ បានបន្តចុះត្រួតពិនិត្យទីតាំងប្រារព្ធពិធីបុណ្យទន្លេសារជាថ្មី តាមមាត់ទន្លេបាសាក់ ជាមួយវត្តមានកុះកររបស់ប្រជាពលរដ្ឋ។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា យើងសង្កេតឃើញថា សក្តានុពលវប្បធម៌ ធម្មជាតិ កសិកម្ម ជីវចម្រុះតាមដងទន្លេ បាននាំមកនូវផលប្រយោជន៍ខាងសេដ្ឋកិច្ច ជីវភាពរស់នៅយ៉ាងសំខាន់ដល់ប្រជាពលរដ្ឋ ពិសេសគ្រប់ខេត្តតាមដងទន្លេ ដែលមានទីក្រុងជាប់មាត់ទន្លេ ដែលជាទីតាំងសំខាន់ណាស់ សម្រាប់សម្រួលដល់ការដឹកជញ្ជូនទំនិញ ផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេ។

ម្យ៉ាងទៀត ទីក្រុងក៏ជាមជ្ឈមណ្ឌលប្រមូលផ្តុំសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ ដែលចាំបាច់ត្រូវធ្វើយ៉ាងណាឲ្យទីក្រុងទាំងនេះស្អាត និងបៃតង ដែលជាច្រកចូលទៅកាន់។ ទីក្រុងស្អាត បៃតង ក៏វានឹងនាំទន្លេស្អាត និងបៃតងផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន និងលោក ម៉ៅ ភិរុណ បានអំពាវនាវឲ្យប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរចូលរួមទស្សនាពិធីបុណ្យទន្លេលើកទី៤ ខាងមុខនេះ ដែលក្នុងនោះនឹងមានព្រឹត្តិការណ៍កម្សាន្តជាច្រើន ដូចជាសកម្មភាពកីឡា និងការលេងកីឡាលើទឹក ការសម្ដែងសិល្បៈ ការបង្ហាញទស្សនីយភាព ការតាំងពិព័រណ៍ម្ហូបអាហារ ព្យុហយាត្រាលើទឹកជាដើម ដើម្បីរួមចំណែកនាំមកនូវចំណូលជូនប្រជាពលរដ្ឋនៅតាមដងទន្លេឲ្យបានច្រើន។

លោក ថោង ខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទោះបីតម្លៃណាក៏ដោយ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាទាំងបរិស្ថាន និងជីវចម្រុះតាមដងទន្លេ សំដៅធ្វើយ៉ាងណាឲ្យទន្លេផ្ដល់ផលប្រយោជន៍មកប្រជាពលរដ្ឋវិញ។

លោក ថោង ខុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល កម្ពុជារក្សាបាននូវសន្តិភាព ដែលជាគ្រឹះដ៏រឹងមាំដែលផ្តល់ឱកាសឲ្យមានព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន ដូចជាបុណ្យទន្លេ បុណ្យសមុទ្រ ក៏ដូចជាពិធីបុណ្យតូចធំនានា ដូច្នេះសូមប្រជាពលរដ្ឋចូលរួមពូនជ្រុំគ្នាបន្តថែរក្សាសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែង។ លើសពីនោះ លោករដ្ឋមន្ត្រីបានបន្ថែមថា ទន្លេមេគង្គ ជាសក្តានុពលមួយដ៏ធំ ដែលប្រទេសក្នុងតំបន់អាស៊ានក៏យកចិត្តទុកដាក់យ៉ាងហ្មត់ចត់ផងដែរ ក្នុងគោលបំណងដើម្បីពង្រីកសក្តានុពលទេសចរណ៍នៅតំបន់នេះ។

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៤ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍» នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលព្រឹត្តិការណ៍ទេសចរណ៍នេះ នឹងបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕