(ភ្នំពេញ)៖ សមាគមអតីតកម្មសិក្សាការី ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JICA) កម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំកម្មវិធី បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី ដើម្បីបន្តដឹកនាំសកម្មភាពការងារនៅអាណ្ត្តិថ្មី ជួយអភិវឌ្ឍកម្ពុជាឲ្យកាន់តែ មានការរីកចម្រើនបន្ថែមទៀត។

កម្មវិធីសន្និបាតប្រចាំឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី រៀបចំធ្វើនៅ សណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពី លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក Sugano Yuichi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JICA) និងលោក ជិន ម៉ាលីន ប្រធានសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា និងអតីតសិក្ខាកាម និងសិក្ខាកាមទាំងអស់ជាង៣០០នាក់។

ជាលទ្ធផល សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា បានរកឃើញប្រធាន និងក្រុមប្រឹក្សាសរុបចំនួន៩នាក់ ដើម្បីបន្តការងារ និងសកម្មភាពដឹកនាំសមាគមនេះបន្តទៀត ក្នុងនោះរួមមាន លោក អៀង អូននី បានជាប់ឆ្នោតជា ប្រធានសមាគម ចំណែក លោក ព្រហ្ម ស៊ីថន លោក ឆែ ប៊ុនធូ លោកស្រី ឡាយ អ៊ុនគ្រី បានជាប់ឆ្នោតជាអនុប្រធានសមាគម, លោក ម៉ែន ភារម្យ ជាប់ឆ្នោតជាអគ្គលេខាធិការ សមាគម, លោក​ មឿង វណ្ណា ជាប់ឆ្នោតជាលេខាទទួលបន្ទុកផ្នែកផែនការ និងប្រតិបត្តិ, កញ្ញា ថ្លើង សូរិយា ជាប់ឆ្នោតផ្នែកគណនេយ្យ និង កញ្ញា វង្ស ស្រីតូច ជាប់ឆ្នោតជាលេខាផ្នែកទំនាក់ទំនងអន្តរជាតិ និងលោក ហៃ ច័ន្ទរិទ្ធ ជាប់ឆ្នោតជាសវនករ។

ថ្លែងនៅក្នុងពិធីនោះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់ ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JICA) ដែលបានចូលរួមចំណែកជួយដល់កម្ពុជា ជាច្រើនវិស័យ ហើយក៏បានចូលរួមជួយដល់ សមាគមអតីតកម្មសិក្សាការី JICA កម្ពុជាជាបន្តបន្ទាប់ ក្នុងការបញ្ចូនកម្មសិក្សា និងសិក្ខាកាមជាច្រើនរូបទៅសិក្សានៅជប៉ុននាពេលកន្លងមក។

រដ្ឋមន្រ្តីក្រសួងអប់រំ បានបន្ថែមថា នេះជាសញ្ញាល្អ បង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន​។ លោកថា JICA បានចូលរួមចំណែក ច្រើនណាស់ ដល់ការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ទាំងវិស័យអប់រំ វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យពាណិជ្ជកម្ម និងវិស័យជាច្រើនទៀត។

ក្នុងឱកាសនោះ លោក Sugano Yuichi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JICA) បានអរគុណដល់លោក ជិន ម៉ាលីន ប្រធានសមាគមអតីតកម្មសិក្សាការី JICA កម្ពុជាអាណត្តិចាស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងរៀបចំកម្មវិធីល្អៗ ដើម្បីអភិវឌ្ឍន៍ដល់កម្ពុជា។

ជាមួយគ្នានោះ លោក Sugano Yuichi ក៏បានសម្តែងការសាទរ ដល់ប្រធានអាណត្តិថ្មី របស់សមាគមអតីតកម្មសិក្សាការី JICA កម្ពុជានាពេលនេះ ហោយលោករំពឹងថា ប្រធានសមាគមថ្មី នឹងប្រឹងប្រែងបំពេញការងារ ដោយមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយសមាជិកសមាគមឲ្យបានល្អ និងចូលរួមលើកកម្ពស់សកម្មភាពរបស់សមាគមផងដែរ។

លោក ជិន ម៉ាលីន ដែលទើបត្រូវបានផ្ទេរតំដណែងជាប្រធានសមាគមអតីតកម្មសិក្សាការី JICA កម្ពុជានៅថ្ងៃដដែលនោះ រំពឹងថា ប្រធានសមាគមអតីតកម្មសិក្សាការី JICA កម្ពុជាថ្មី នឹងបន្តរក្សាសមិទ្ធផល និងសកម្មភាពការងាររបស់ JDS ឲ្យនៅដដែល ហើយប្រឹងប្រែងខិតខំ បំពេញតួនាទីឲ្យបានល្អ និងមានការអភិវឌ្ឍន៍សមាគមមួយនេះ ឲ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ និងរក្សាឲ្យបានមាឆន្ទៈមុតមំាំ ក្នុងការបំពេញការងារជួយសង្គមផងដែរ។

លោក ជិន ម៉ាលីន បានបង្ហាញពីសមិទ្ធផលការងារមួយចំនួនឲ្យដឹងថា សមាគមនេះ គឺជាការចងក្រងរបស់សិក្ខាកាម ដែលបានទៅសិក្សានៅប្រទេសជប៉ុន ក្នុងនោះភាគច្រើនសុទ្ធតែជាមន្រ្តីរាជការ នៅតាមក្រសួងស្ថាប័នមួយចំនួន ក្នុងប្រទេសកម្ពុជា។ មកដល់ពេលនេះ មានសមាជិកប្រហែលជា២ពាន់នាក់ ក្នុងការបម្រើការងារសង្គម និងនៅតាមសហគមន៍គ្រប់វិស័យ ដូចជាបញ្ហាបរិស្ថាន បញ្ហាអនាម័យ បញ្ហាសុខាភិបាល និងបញ្ហាពិការ ភាពជាដើម។

ជាមួយគ្នានោះ សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា ក៏បានធ្វើសកម្មភាពជាច្រើនទៀត ជាមួយក្រុម​យុវជន ដើម្បីធ្វើយ៉ាងណា ប្រមូលផ្តុំ និងផ្តល់ឱកាសឲ្យពួកគាត់ បានទៅសិក្សានៅប្រទេសជប៉ុន និងមានការផ្តល់ការអប់រំ ដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាសិក្សា នៅសាកលវិទ្យាល័យ និងនៅមានការងារជួយសង្គមកម្ពុជាជាច្រើនទៀត៕