(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុង​ពិធីបិទវគ្គបំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជន​ជាលើកដំបូង បានឲ្យដឹងថា នៅកម្ពុជាបច្ចុប្បន្ននេះ មានក្រុមហ៊ុន និងសហគ្រាស គ្រឹះស្ថាន​សន្ដិសុខឯកជន រហូតដល់ជាង២,០០០ក្រុមហ៊ុន ហើយមានកម្លាំងប្រមាណ៤​០,០០០នាក់ ដែលចំនួននេះស្នើ​៧០ភាគរយ នៃកម្លាំងនគរបាលជាតិ។

បើតាមអគ្គស្នងការរងរូបនេះ ក្រុមហ៊ុនសន្ដិសុខជាង២,០០០នេះ ត្រូវបានបែងចែកជា២ប្រភេទ គឺវិស័យសន្ដិសុខឯកជនដែល​មិនធ្វើសេវាកម្ម មានន័យថា សន្ដិសុខនេះបម្រើកិច្ចការពារ តែសហគ្រាសរបស់ខ្លួនប៉ុណ្ណោះ និងមួយទៀត វិស័យក្រុមហ៊ុនសន្ដិសុខ ដែលបម្រើសេវាកម្ម មានន័យថា សន្ដិសុខនេះចាំបាច់ត្រូវរកអតិថិជន ដើម្បីការពារជូន។

នាយឧត្តមសេនីយ៍ បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះយើងដឹងថា វិស័យសន្ដិសុខឯកជនទាំង២ប្រភេទនេះ មានចំនួនបើសរុបជារួមមាន ប្រមាណជាង២ពាន់ក្រុមហ៊ុន ហើយគិតជាកម្លាំង សន្ដិសុខឯកជន មានប្រមាណជិត៤ម៉ឺននាក់ បើប្រៀបធៀបទៅនឹងកម្លាំងនគរបាលទូទាំងប្រទេស មានប្រមាណក្នុងរង្វង់៧០ភាគរយ។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា ក្រុមហ៊ុនសន្ដិសុខទាំងអស់នេះ ​បានចូលរួមចំណែកការពារសន្ដិសុខនៅតាមបណ្ដាមូលដ្ឋាន និងការពារសហគ្រាសលើវិស័យនានាដូចជា ទេសចរណ៍ ពាណិជ្ជកម្ម​ និងឧស្សាហកម្មជាដើម ប៉ុន្ដែកន្លងមកសន្ដិសុខឯកជន នៅមិនទាន់មានសមត្ថភាព វិជ្ជាជីវៈ និងក្រមសិល្បធម៌ច្បាស់លាស់នៅឡើយទេ ទើបនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានផ្ដួចផ្ដើមគំនិតរៀបចំវគ្គបំប៉នជំនាញ ដ៏មានសារៈសំខាន់នេះឡើយ។

ទន្ទឹមនឹងការជួយដល់ការងារការពារសុវត្ថិភាពនេះ ក៏នៅមានបណ្ដាក្រុមហ៊ុនមួយចំនួន ប្រព្រឹត្តផ្ទុយពីច្បាប់ផងដែរ ដោយមានខ្លះចាប់ឃាត់មនុស្ស ដោយខុសច្បាប់ មិនព្រមរាយការណ៍មកសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ហើយជាពិសេសក្រុមហ៊ុនដែលមិនបម្រើសេវាកម្ម ពោលក្រុមហ៊ុនការពារផ្ទះនៅតាមបុរី ដែលមិនស្រូលដល់កិច្ចការរដ្ឋបាលរបស់សមត្ថកិច្ច។

នាយឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅ ប្រសិនបើក្រុមហ៊ុនណាដែលនៅតែរឹងទទឹង មិនព្រមសហការជាមួយសមត្ថកិច្ច នោះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ និងដកអាជ្ញាប័ណ្ណភ្លាមៗមិនឲ្យធ្វើអាជីវកម្ម​តែម្ដង។ «ខ្ញុំសូមថា​ចាប់ពីពេលនេះទៅ យើងមិនត្រូវទុកឲ្យមានសកម្មភាពបែបនេះតទៅទៀតទេ ហើយបើក្រុមហ៊ុនណាដែលប្រព្រឹត្តផ្ទុយពីច្បាប់ ​យើងតែអនុវត្តតាមវិធានការណ៍ច្បាប់ឲ្យបានតឹងរឹង ហើយមុនគេត្រូវតែដកនូវអាជ្ញាប័ណ្ណធ្វើអាជីវកម្ម លែងឲ្យធ្វើអាជីវកម្ម បន្ទាប់មកអនុវត្តតាមត្រឹមត្រូវតាមវិធានការណ៍ច្បាប់»

សូមជម្រាបថា សម្រាប់វគ្គបំប៉នរយៈពេល២ថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានបញ្ជាក់ថា ដំណើរការនៃវគ្គទាំងមូលជាទូទៅ គឺល្អ មានការយកចិត្តទុកដាក់ក្នុងការបង្រៀនរបស់គ្រូបង្គោល និងការយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ការសិក្សារបស់សិក្ខា។ ដោយឡែក វិធីសាស្ដ្របង្រៀនរបស់គ្រូបង្គោល បានល្អប្រសើរ ដោយមានការលើកឧទាហរណ៍ជាក់ស្ដែងជាច្រើនងាយយល់។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ​ក៏បានដាក់សំណើរថា ស្នើសុំរៀបចំវគ្គបំប៉នជំនាញនេះបន្ដទៀត ដើម្បីបំពេញបន្ថែមជំនាញ ភ្នាក់ងារសន្ដិសុខឯកជន, បង្កើនពេលវេលាឲ្យបានវែងជាងនេះ សម្រាប់មេរៀននីមួយៗ និងសុំឲ្យគ្រូបង្គោលលើកឧទាហរណ៍ និងបទពិសោធន៍ជាក់ស្ដែងឲ្យបានច្រើនបន្ថែមទៀត នៅវគ្គក្រោយៗទៀត៕​