(ភ្នំពេញ)៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិធំៗចំនួន ៣០០នាក់ មកពីអង្គភាពសារព័ត៌មានចំនួន៣៨ បានត្រៀមខ្លួនជាស្រេចដើម្បីតាមប្រមាញ់គ្របដណ្តប់ ព្រឹត្តិការណ៍នៃ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា អ្នកសារព័ត៌មានទាំង៣០០នាក់ ទទួលបានការអនុញ្ញាតពី គ.ជ.ប និងម្នាក់ៗមានបណ្ណសារព័ត៌មាន ដែលចេញដោយ គ.ជ.ប រួចជាស្រេច ដើម្បីមានសិទ្ធិថត និងយកព័ត៌មាននៅតាមការិយាល័យបោះឆ្នោតនីមួយៗ នៅទូទាំង ៨ភូមិភាគ។

សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ដោយមាន ការិយាល័យបោះឆ្នោតចំនួន៣៣ នៅទូទាំង២៥រាជធានី-ខេត្ត និងមានអង្គបោះឆ្នោតសរុបចំនួន ១១,៦៩៥រូប ក្នុងនោះមាន សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ចំនួន ១១,៥៧២រូប និងតំណាងរាស្ត្រចំនួន ១២៣រូប។

ការបោះឆ្នោតនេះ មានគណបក្សចំនួន៤ចូលរួមប្រកួតប្រជែង ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា៕