(ភ្នំពេញ)៖​ លោក ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្ទឹងត្រែង និងលោក ម៉ុម សារឿន សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង។

នៅក្នុងពិធីបិទយុទ្ធនាការឃោសនានេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងសមាជិក សមាជិកាអង្គបោះឆ្នោត ក្នុងខេត្តស្ទឹងត្រែងជាច្រើនរូបផងដែរ។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា នៅអំឡុងពេលនោះ មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ៕