(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យ លោក Nobushige TAKAMIZAWA ប្រធានសន្និសីទទី៤ នៃរដ្ឋភាគីសន្ធិសញ្ញា ជំនួញសព្វាវុធ (ATT) និងជាឯកអគ្គរដ្ឋទូត និងតំណាងអចិន្ដ្រៃយ៍ជប៉ុន ប្រចាំសន្និសីទ ស្ដីពីការរំលាយសព្វាវុធ នៅទីក្រុងហ្សឺណែវ ចូលជួបពិភាក្សាការងារ និងសម្ដែងការគួរសម។

ក្នុងជំនួបនោះ លោក Nobushige TAKAMIZAWA បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងនាមជាប្រទេសហត្ថលេខី នៅក្នុងសន្ធិសញ្ញា ដែលបានធ្វើកិច្ចការយ៉ាងច្រើន នៅក្នុងការងារ ធ្វើយ៉ាងណាខិតខំ ប្រមូលគ្រប់គ្រងអាវុធ នៅកម្ពុជានេះ។ លោកបានលើកឡើងថា នៅក្នុងយុទ្ធការ នៃការអនុវត្ដសន្ធិសញ្ញា ជំនួញសព្វាវុធ ក៏មានការផ្ដល់នូវជំនួយគាំទ្រផ្នែកហិរញ្ញាវត្ថុ ក្នុងការចាត់បញ្ចូនមន្ដ្រី ទៅចូលរួមកិច្ចប្រជុំផ្សេងៗ និងចូលរួម នៅក្នុងសន្និសីទរបស់ (ATT) ដើម្បីឲ្យពួកគាត់បន្ដស្វែងយល់ និងធ្វើកិច្ចការចាំបាច់ នានាបន្ថែមទៀត ដែលមានចែងនៅក្នុងសន្និសញ្ញានេះ ឲ្យទទួលបានជោគជ័យ។

សម្ដេចក្រឡាហោម បានឲ្យដឹងថា កម្ពុជាបានធ្វើកិច្ចការយ៉ាងច្រើន បន្ទាប់ពីបានបញ្ចប់សង្គ្រាមមក គឺបានខិតខំ ប្រមូលផ្ដុំនូវអាវុធ ដែលបានធ្វើការកំម្ទេចចោល បានសហការជាមួយ ដៃគូផ្សេងៗមាន ទាំងសហភាពអ៊ឺរ៉ុប និងខាងជប៉ុនផងដែរ​ ក្នុងការដោះមីន និងបំផ្លាញចោល នូវយុទ្ធភ័នផ្សេងៗ ដើម្បីរំដោះដី ប្រែក្លាយទៅជាដី បម្រើឲ្យការអភិវឌ្ឍនៅកម្ពុជា នៅក្នុង វិស័យផ្សេងៗ ដូចជា កសិកម្ម ឧស្សាហកម្ម។

លោកប្រធានសន្និសីទទី៤ នៃរដ្ឋភាគីសន្និសញ្ញា ជំនួញសព្វាវុធ ក៏បានស្នើសុំសម្ដេចក្រឡាហោម សូមចាត់មន្ដ្រីដែលសកម្ម នៅក្នុងការងារនេះ ដែលមានចំណេះ ខាងជំនាញបច្ចេកទេស និងខាងគោលនយោបាយ ដើម្បីចូលរួម នៅក្នុងសន្និសីទរបស់ (ATT) នឹងរៀបចំនៅពេលខាងមុខផងដែរ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម បានឲ្យដឹងថា កម្ពុជានៅក្នុងអំឡុងសង្គ្រាម ជាច្រើនទស្សវត៍ គឺបាននាំចូលនូវគ្រឿងសព្វាវុធផ្សេងៗ មកពីច្រើនប្រភពណាស់ ប៉ុន្ដែក្រោមពីបញ្ចប់ សង្គ្រាមមក គឺខិតខំបំផ្លាញ និងថែរក្សាទុកតែ សព្វាវុធដែលអាចប្រើប្រាស់បម្រើ ដល់ការងារសន្ដិសុខប៉ុណ្ណោះ។

សម្ដេច បានអរគុណដល់អង្គការសហប្រជាជាតិ ដែលបានខិតខំជួយគាំទ្រ នៅក្នុងការខិតខំ គ្រប់គ្រងនូវអាវុធ ទទួលបានប្រសិទ្ធភាព ហើយសម្ដេចត្រៀមខ្លួន ចាត់មន្ដ្រីសកម្មការងារ ចូលរួមតាមការស្នើ។ សម្ដេច ក៏បានអំពាវនាវ ឲ្យអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូផ្សេងៗទៀត ទាំងអស់ បន្ដជួយគាំទ្រ ដល់កម្ពុជា ក្នុងការធ្វើយ៉ាងណាសម្រេចឲ្យបាននូវកាតព្វកិច្ច ផ្សេងៗ ដែលមានចែងនៅក្នុងសន្ធិសញ្ញាជួញដូរអាវុធ៕