(ព្រៃវែង)៖ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដល់អង្គបោះឆ្នោត និងយុវជនបក្សជាង៣០០នាក់ មកពីគ្រប់ឃុំទូទាំងស្រុកកំចាយមារ ខេត្តព្រៃវែង លោក ស្ដើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ថ្នាក់កណ្ដាលចុះជួយស្រុកកំចាយមារ បានថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការស្រឡាញ់ជាតិ និងស្រឡាញ់ខ្លួនឯងផងដែរ។

លោក ស្តើង សុខុម អះអាងថា គណបក្សប្រជាជនកម្ពុជានឹងនៅតែបន្តឈ្នះការបោះឆ្នោតនៅពេលខាងមុខ ដោយសារតែគណបក្សដឹកនាំប្រទេសនៅលើផ្លូវត្រូវ ដែលធ្វើឲ្យមានសុខសន្តិភាពទូទាំងផ្ទៃប្រទេស មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើនប្រមាណ ៧%ជារៀងរាល់ឆ្នាំ កត្តាទាំងអស់នេះហើយដែលធ្វើឲ្យជីវភាពប្រជាជន និងសង្គមជាតិបានល្អប្រសើរជាងមុនជាលំដាប់ ហើយប្តេជ្ញាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាជានិច្ច។

«គោលដៅដែលធ្វើឲ្យកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ នៅមិនឆ្ងាយទៀតទេ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ពិសេសមគ្គុទេ្ទសក៍ដឹកនាំដ៏ឆ្នើមរបស់សម្តេចប្រធាន សម្តេចអនុប្រធានគណបក្ស»។ លោក ស្ដើង សុខុម បញ្ជាក់។

លោក ក៏បានរំលេចដែរថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគោលនយោបាយច្បាស់លាស់ ដូចនេះមន្រ្តីបក្ស ប្រជាពលរដ្ឋដែលក្រោយពីស្វែងយល់ពីគោលនយោបាយគណបក្សថាត្រឹមត្រូវ ថាល្អហើយ គឺត្រូវប្តេជ្ញាចូលរួមអនុវត្តអោយទទួលបានជោគជ័យ ពិសេសប្តេជ្ញាដណ្តើមជ័យជម្នះជូនគណបក្សឲ្យបានជាដាច់ខាត នាឱកាសបោះឆ្នោតខាងមុខ។ បើជ័យជម្នះបែរជាធ្លាក់ទៅគណបក្សដទៃ ដែលដឹកនាំមិនត្រឹមត្រូវ ដែលគ្មានគោលនយោបាយច្បាស់លាស់នឹងធ្វើឲ្យប្រទេសជួបវិបត្តិ ជាក់ស្តែងនៅសម័យ លន់ នល់ ធ្វើឲ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ រហូតដល់ប្រទេសជាតិត្រូវជួបវិនាសកម្មខ្លោចផ្សារ ស្ទើរក្លាយជាផេះផង់ ក្រោមស្នាដៃពួកប្រល័យពូជសាសន៍ប៉ុលពត។

សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជារូបនេះ ថ្លែងបន្តថា «សុខសន្តិភាព និងការអភិវឌ្ឍន៍ដែលយើងមានសព្វថ្ងៃគឺបានមកពីពលិកម្មគ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ អនាគតយើងនឹងបានប្រសើរឡើងថែមទៀតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា»

ក្នុងពិធីឃោសនារកសំឡេងឆ្នោតនេះ លោក ស្តើង សុខុម ក៏បានផ្ដាំទៅអង្គបោះឆ្នោតទូទាំងស្រុកកំចាយមារ ត្រូវថែទាំសុខភាព និងត្រៀមឯកសារសម្រាប់បោះឆ្នោត ឲ្យបានល្អដើម្បីចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិការទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ ដណ្តើមជោគជ័យជូនគណបក្សឲ្យបាន។ លោក សុខុម បញ្ចប់សុន្ទរកថារបស់ខ្លួនជាមួយការស្រែកជយឃោសថា «ស្រលាញ់ខ្លួនយើង ស្រលាញ់ប្រទេសជាតិយើង ស្រលាញ់គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»៕