(បាត់ដំបង)៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ តំណាងរាស្រ្ត គណៈពង្រឹង ថ្នាក់ដឹកនាំគណបក្ស តំណាងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្ត និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគ៤ ជាផ្លូវការ នៅខេត្តបាត់ដំបង ដែលពិធីប្រកាសបិទយុទ្ធនាការនេះ ក៍មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារ គណបក្សប្រជាជន កម្ពុជា តំណាងរាស្រ្ត ពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ចូលរួមសរុបចំនួន ជាង១,៣០០នាក់នាក់ ផងដែរ។

លោក ប៉ុល លឹម តំណាងបេក្ខភាពសមាជិកព្រឹទ្ធសភាភូមិភាគ៤ គណបក្ស​ប្រជាជនកម្ពុជាខេត្ត បានអានរបាយការណ៍ ស្តីពីសកម្មភាពធ្វើយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅខេត្តបាត់ដំបង រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅគ្រប់ឃុំ/សង្កាត់ទាំង១០២ ក្នុងខេត្តបាត់ដំបង ដោយបានបែកចែកឱ្យក្រុមការងារចុះជួយតាមឃុំ/សង្កាត់នីមួយៗ ធ្វើការឃោសនាតាមគោលដៅដែលខ្លួនទទួលខុសត្រូវ និងតាមប្រតិទិនដែលអនុញ្ញាតដោយ គជប។

នាឱកាសនោះលោក ច័ន្ទ សុផល បានមានមតិសំណេះសំណាល និងនាំយកបណ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស, សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស។

លោក ច័ន្ទ សុផល ​បានលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះ គឺបានបង្ហាញឱ្យឃើញថា កម្ពុជាបាននិងកំពុងការពារបានយ៉ាងរឹងមាំ រាល់សមិទ្ធផលនៃសង្គមជាតិ ការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិ ការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជនបានយ៉ាងរឹងមាំ ដែលប្រការនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដ៏ត្រឹមត្រូវនៅកម្ពុជា។

នៅក្នុងឱកាសនោះ លោក ច័ន្ទ សុផល ក៏បានផ្តាំផ្ញើដល់គ្រួសារគណបក្សប្រជាជនកម្ពុជាទាំងអស់ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើរតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ច្បាស់លាស់ រឹងមាំ របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺជាយាននាំយើងទាំងអស់គ្នាឆ្ពោះដំណើរទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិយើងទាំងមូលលើគ្រប់វិស័យ ព្រមទាំងជីវភាពរបស់ប្រជាពលរដ្ឋនឹងបន្តកើនឡើងសម្បូរសប្បាយទាំងអស់គ្នា៕