(ភ្នំពេញ)៖ ក្រៅពីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រតិកម្មជាមួយកូនស្រីលោក កឹម សុខា, នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានព្រលះកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ធ្ងន់ៗជុំវិញទាមទារឲ្យ​រដ្ឋាភិបាល​ជប៉ុន ចេញ​មុខ​ពន្យល់​បកស្រាយ​អំពី​ការ​ផ្តល់​ជំនួយ​របស់​ប្រទេស​ជប៉ុន គាំទ្រ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត, ដោយឧបនាយករដ្ឋមន្រ្តី លើកឡើងជាមួយភាពអស់សំណើចថា ជាការថ្លែងគ្មានដឹងខ្យល់អីសោះតែម្តង។

ការព្រលះធ្ងន់ៗរបស់ឧបនាយករដ្ឋមន្រ្តីបែបនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា កឹម មនោវិទ្យា បាន​សរសេរ​នៅ​លើ​ទំព័រ Twitter របស់​កញ្ញា​ថា «ជប៉ុនត្រូវតែពន្យល់ដល់ប្រជាជនកម្ពុជាថា តើហេតុអ្វីបានជាខ្លួន ធ្វើការគាំទ្រដល់ការបោះឆ្នោតសិប្បនិម្មិត ដែលជាការលួចប្លន់ឆន្ទៈនៃប្រជាជនកម្ពុជារាប់លាននាក់»

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងតាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ នៅអាស៊ី និង​ជាមហាអំណាចសេដ្ឋកិច្ចទី៣ លើពិភពលោក, កញ្ញា កឹម មនោវិទ្យា ទៅវិញទេដែលមិនដឹងខ្យល់អីទាល់តែសោះ ដែលទាមទារឲ្យជប៉ុនពន្យល់ពីការផ្តល់ថវិកាសម្រាប់ការបោះឆ្នោតនៅកម្ពុជាទៅវិញ។ តើអ្នកឯងមានដឹងខ្លួនអត់ថាខ្លួនជានរណា, អត់ទឹកអត់ដី រត់ពីស្រុកមួយទៅស្រុកមួយ អត់ដឹងខ្យល់អីសោះ។

ឧបនាយករដ្ឋម​ន្ត្រី ហោ ណាំហុង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំហាក់ចង់សើច និងមិនដឹង មិនយល់ថា​ហេតុអ្វីកូនស្រី លោក កឹម សុខា ដេកយល់សព ឬមមើលមម៉ាយ គ្មានដឹងអី បានជាចង់ឲ្យជប៉ុនពន្យល់ការផ្តល់លុយ​ឲ្យ គ.ជ.ប រៀបចំការបោះឆ្នោតនៅកម្ពុជា» «ខ្ញុំឆ្ងល់មានដឹងខ្លួនជានរណាទេ អត់ទឹក អត់ដី ដើរពីស្រុកមួយ ទៅស្រុកមួយអត់ដឹងខ្យល់អីសោះ, ជប៉ុន ជាមហាអំណាចទី២នៅអាស៊ី ខ្ញុំជឿថា បើនិយាយជប៉ុនមិនយកត្រចៀក បើសសេរក៏ជប៉ុនក្រវែងចោលក្នុងធុងសំរាមដែរ គួរដឹងខ្លួនឲ្យហើយទៅ ថាអ្នកណា ជាអ្នកណា កុំចេះតែដេក ស្រមើលស្រមៃឲ្យគេពន្យល់»

សូមជំរាបថា កញ្ញា កឹម មនោវិទ្យា បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ចេញ​មុខ​ពន្យល់​បកស្រាយ​អំពី​ការ​ផ្តល់​ជំនួយ​របស់​ប្រទេស​ជប៉ុន គាំទ្រ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប។ ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុនចេញ​មុខ​បកស្រាយ​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ជំនួយ​ជា​ហិប​ឆ្នោត​ចំនួន១​ម៉ឺនហិប​ឆ្នោត ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង ៧​លាន៥​សែន ​(៧,៥) ដុល្លារ នា​ថ្ងៃទី​២១ ខែកុម្ភៈ។

ពាក់ព័ន្ធបញ្ហានេះ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យរបស់គ.ជ.ប បានឲ្យដឹងថា អ្វីៗដែល គ.ជ.ប កំពុងធ្វើ ដែលក្នុងនោះមានទាំងការទទួលយកជំនួយផងនោះ គឺអនុវត្តតែទៅតាម ច្បាប់ប៉ុណ្ណោះ ។ លោកបានលើកឡើងថា «សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាខាងមុខ គឺខាង គ.ជ.ប បានរៀបចំរួចជាស្រេចហើយ។ គឺយើងដំណើរការទៅដោយក្របខណ្ឌ គ.ជ.ប តែម្នាក់ឯងគ្មានអ្វីជាឧបសក្គទេ គឺអ្វីៗដំណើរការដូចការគ្រោងទុក»

លោកបានថ្លែងថា សម្រាប់ការបោះឆ្នោតជាតិ នៅពេលខាងមុខ គ.ជ.ប ទទួលជំនួយពីប្រទេសជាច្រើន ពិសេសប្រទេសជប៉ុនដែលទើបប្រកាសផ្តល់ថ្មីៗនេះ នូវទឹកប្រាក់សរុបចំនួន ៨០០​លានយ៉េន (ប្រមាណ​៧​លានដុល្លារអាមេរិក) សម្រាប់ហិបឆ្នោតជាង១ម៉ឺន និងសម្ភារបច្ចេកទេសដទៃទៀត។ ក្រៅពីនេះគ.ជ.ប មានជំនួយពីប្រទេសចិន ប្រទេសរុស្ស៊ី៕