(ស្វាយរៀង)៖ បុរសម្នាក់ទើបតែទិញរថយន្តថ្មី ស្រាប់តែបើកបរមិនប្រយ័ត្នជាន់ហ្គែរច្រឡំថាហ្វ្រាំង ក៏ជ្រុលទៅបុកប្រពន្ធខ្លួនឯងស្លាប់ យ៉ាងអាណោចអាធ័ម ខណៈដែលប្រពន្ធកំពុង បោយដៃអាយ៉ែរថយន្ត។ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យព្រឺព្រួចនេះបានកើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជនរងគ្រោះទាំងម្តង ក្នុងភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តគ្រឿងម៉ាក Lexus RX300 ពណ៌ស គ្មានស្លាកលេខ (ទើបតែទិញ)។ បុរសជាប្តីឈ្មោះ ម៉ម សូត្រ អាយុ៥១ឆ្នាំ មុខរបរជាមេភូមិកណ្តាល រីឯប្រពន្ធឈ្មោះ ដូង សៅ ​​​អាយុ៤៩ឆ្នាំ បានស្លាប់។ ករណីនេះក៏បណ្តាលឲ្យខូចខាតម៉ូតូមួយគ្រឿង ម៉ាកសង់សេរីឆ្នាំ២០១៦ពណ៌ខ្មៅផងដែរ។

បើតាមសមត្ថកិច្ច នៅមុនពេលកើតហេតុ បុរសជាប្តី បានឲ្យប្រពន្ធឈរពីមុខបោយដៃ ដើម្បីយកឡានចូលម្លប់នៅសំយ៉ាបខាងជើងផ្ទះ ស្រាប់តែខណៈនោះ ប្តីជាន់ហ្គែរជ្រុលបណ្តាលឲ្យបុកប្រពន្ធចូលក្រោមរថយន្តស្លាប់ នៅនឹងកន្លែងតែម្តង។

ក្រោយពេលដែលសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច ក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ខណៈប្តីត្រូវបានសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធីទៀត៕