(ភ្នំពេញ)៖ រយៈពេល២០ថ្ងៃ ចាប់តាំងពីពេលចុះអនុវត្តន៍ ការត្រួតពិនិត្យការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ពីថ្ងៃទី២ រហូតដល់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញរថយន្តមិនទាន់បង់ពន្ធចំនួន ២,៧២៥គ្រឿង ដោយតម្រូវឲ្យបង់ពន្ធ និងបង់ប្រាក់ពិន័យផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ពន្ធដារ បានបញ្ជាក់ថា « គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ រួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការផាកពិន័យនៅនឹងកន្លែងត្រួតពិនិត្យ និងបានរកឃើញថា ក្នុងក្របខណ្ឌទូទាំងប្រទេស មានរថយន្តចំនួន ២,៧២៥គ្រឿង ដែលមិនបានមកប្រកាសបង់ពន្ធទាន់ពេលវេលា ស្របតាមការកំណត់ដោយច្បាប់ ហើយរថយន្តទាំងនោះត្រូវបានតម្រូវឲ្យបង់ប្រាក់ពន្ធ រួមទាំងប្រាក់ពិន័យទោសទណ្ឌផងមានចំនួន ២,២០៦លានរៀល (ប្រមាណជាង ៥៥១ពាន់ដុល្លារ)»

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ដោយសង្កេតឃើញមានរថយន្ត ដែលមិនទាន់ប្រកាសបង់ពន្ធ នៅតែបន្តធ្វើចរាចរនៅឡើយ ដូច្នេះក្រុមការងារចម្រុះនៃអគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តយុទ្ធនាការចុះត្រួតពិនិត្យ លើយាន្តយន្តណាដែលមិនទាន់បង់ពន្ធប្រភេទនេះតទៅទៀត ដើម្បីឲ្យច្បាស់ថាយាន្តយន្តទាំងអស់ បានបំពេញកាតព្វកិច្ចបង់ពន្ធ ដោយស្មើភាពគ្នាតាមការកំណត់ដោយច្បាប់។

សូមជម្រាបជូនថា អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរម្លឹកជាថ្មីម្តងទៀត ដល់ម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ក៏ដូចជាសាធារណជន រួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ ឲ្យបានគ្រប់ៗគ្នា៕