(ភ្នំពេញ)៖ គម្រោងលំនៅឋានតម្លៃសមរម្យ របស់ក្រុមហ៊ុនឯកជនមួយដ៏ល្បី World bridge Land Cambodia ដែលមានលោកឧកញ៉ា សៀ រិទ្ធី ជាប្រធានក្រុមប្រឹក្សាភិបាលដ៏ឆ្នើមនៅកម្ពុជា បាននឹងកំពុងសាងសង់យ៉ាងរលូន ដើម្បីប្រគល់លំនៅឋានជូនប្រជាពលរដ្ឋ តាមកាលកំណត់។

ជាក់ស្ដែងនៅថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០១៨ លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលជាក្រុមហ៊ុលទទួលបានសិទ្ធិ លក់គម្រោងលំនៅឋានតម្លៃសមរម្យនេះបានថ្លែងថា ពេលនេះគម្រោងជាជំហានដំបូង នៃការសាងសង់បានបញ្ចប់ហើយ ដោយនៅចុងខែកុម្ភៈ ឬដើមខែមិនាខាងមុខនេះ ការដ្ឋាននឹងចាប់ផ្តើមសាងសង់ ផ្នែកគ្រឹះខាងក្រោម ដូច្នេះអតិថិជន អាចអញ្ជើញមកចុះឈ្មោះទិញលំនៅឋានជាបន្ដបន្ទាប់​បាន ហើយសម្រាប់អតិថិជន ដែលបានទន្ទឹងរង់ចាំអស់រយៈយ៉ាងយូរកន្លងមកនេះ ដើម្បីកក់លំនៅឋាន ក៏សូមអញ្ជើញមកក់បានដូចគ្នានៅពេលនេះផងដែរ។

អគ្គនាយកក្រុមហ៊ុនរូបនេះ ក៏បានបញ្ជាក់ថា «ទោះបីជាការសាងសង់ចេះតែបន្ដ រហូតដល់សាងសង់រួមជាស្ថាពរក៏ដោយ ក្រុមហ៊ុនយើងនៅតែមិនឡើងថ្លៃដដែលគឺចាប់ពី ២៥,០០០-៣៥,០០០ដុល្លារ នេះដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងមធ្យម រួមទាំងមន្ដ្រីរាជការ អាចមានលំនៅឋានមួយច្បាស់លាស់ដ៏ស្រស់ស្អាតនិងបញ្ឈប់ការរស់នៅក្នុងផ្ទះជួលទៀត ដែលនេះគឺគោលបំណងរបស់ក្រុមហ៊ុនរបស់យើង ដែលជាក្រុមហ៊ុនឯកជនមួយ ទទួលបានមានកិច្ចសហប្រតិបត្តិការ និងលើកទឹកចិត្ត ផ្តល់ការគាំទ្រ គោលនយោបាយ ពីរាជរដ្ឋាភិបាល ក្នុងការកសាងលំនៅឋានសមរម្យ ជូនប្រជាពលរដ្ឋនេះ»

លោកឧកញ៉ា នួន រឹទ្ធី ក៏បានប្រកាសពីគោលការណ៍ នីតិវិធីងាយស្រួល ក្នុងការបង់ប្រាក់ជាមួយនឹងក្រុមហ៊ុន ប្រចាំខែឲ្យនៅទាបបំផុត ទៅតាមលទ្ធភាពរបស់ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ដោយក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅនេះ បានអនុញ្ញាតឲ្យអតិថិជនអាចបង់ប្រាក់ត្រឹមតែ ៥ភាគរយ ឬ១០ភាគរយនៃតម្លៃផ្ទះប៉ុណ្ណោះ ក្នុងដំណាក់កាលដំបូង។ 

បន្ទាប់មកទៀត នៅក្នុងរយៈពេល២៤ខែ អតិថិជនត្រូវបង់ឲ្យបាន ពី២០ទៅ៣០ភាគរយ ហើយនៅសល់ប៉ុន្មានត្រូវបង់រំលោះប្រចាំខែ ក្នុងនោះអតិថិជនអាចបង់រំលោះជាមួយធានាគារបាន ក្នុងរយៈពេលរហូតដល់១៥-២០ឆ្នាំផងដែរ។

លោកឧកញ៉ាបញ្ជាក់ថា «ចំពោះប្រាក់ ដែលត្រូវបង់ប្រចាំខែ របស់ប្រជាពលរដ្ឋ អាចចន្លោះពី១០៥ដុល្លារអាមេរិក ទៅ២៤៤ដុល្លារអាមេរិក អាស្រ័យទៅតាមការបង់ប្រាក់កក់ដំបូងរបស់ប្រជាពលរដ្ឋ ។ប្រសិនជាគាត់ ដាក់ប្រាក់ច្រើន គាត់នឹងបង់ប្រចាំខែតិច តែបើគាត់ដាក់ប្រាក់កក់ដំបូងតិច គាត់នឹងត្រូវបង់ប្រចាំខែច្រើន»។

លោកឧកញ៉ាបន្តថា គម្រោងលំនៅឋានមួយនេះ មានអតិថិជនដាក់ពាក្យស្នើសុំទិញ មានរហូតដល់ជាង៤ពាន់នាក់ឯណោះ តែចំពោះប្រជាពលរដ្ឋ និងមន្ត្រីរាជការតែជាង២ពាន់នាក់ប៉ុណ្ណោះដែលមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទិញគម្រោងលំនៅឋាននេះ។ រហូតមកដល់ពេលនេះ គម្រោងលំនៅឋានសាធារណៈដំបូងគេនេះ បានទទួលប្រាក់ពីប្រជាពលរដ្ឋចំណូលមធ្យម និងមន្ត្រីរាជការមិនទាន់មានផ្ទះស្នាក់ជាបណ្ដើរៗហើយ ចំពោះការសាងសង់ នឹងត្រូវឲ្យរួចរាល់នៅចុងឆ្នាំ២០១៨នេះ និងប្រគល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ដែរ។

លោកឧកញ៉ាបន្ថែមថា ការវិនិយោគគម្រោងលំនៅឋានសាធារណៈតម្លៃសមរម្យ នៅក្នុងប្រទេសកម្ពុជា នៅមានជាបន្តបន្ទាប់ទៀត ព្រោះបើតាមមើលពីតម្រូវការលំនៅឋាន នៅក្នុងរាជធានីភ្នំពេញ ឃើញថាគម្រោងលំនៅឋានរបស់លោក មួយមិនអាចផ្គត់ផ្គង់តម្រូវការលំនៅឋានគ្រប់គ្រាន់ទេ ហើយនៅឆ្នាំបន្តបន្ទាប់ទៀតតម្រូវការលំនៅឋាននៅក្នុងរាជធានីភ្នំពេញ នឹងកើនកាន់តែច្រើន ព្រោះមានអ្នករៀបការថ្មីៗក៏ច្រើន និងអ្នកចំណូលថ្មីក៏ច្រើន ហើយក្នុងនោះ មួយចំនួនធំ ក៏ជាអ្នកមានចំណូលទាប ដែលមិនទាន់មានលទ្ធភាព ទិញ លំនៅឋានតម្លៃខ្ពស់ៗបានស្នាក់នៅ នៅឡើយ។ ដូច្នេះគម្រោងលំនៅឋានមិនសល់ទេ មានតែខ្វះ ហើយបើខ្វះក្រុមហ៊ុនបន្ដសាងសង់បន្ថែមទៀត តាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនវើលដ៏ប៊្រីដ ហូម បានបញ្ជាក់ថា ចំពោះការបើកលក់ នៅតែបន្តស្វាគមន៍ និងលើកទឹកចិត្តឲ្យអតិថិជនមកចុះឈ្មោះ ឲ្យបានរួសរាន់ឡើង ព្រោះការលក់មានកំណត់ ចំពោះអ្នកបានចុះឈ្មោះរួចហើយ សុំមកបញ្ជាក់ឲ្យបានច្បាស់លាស់ជាមួយ ក្រុមហ៊ុន ចៀសវាងដាក់បញ្ចូលឈ្មោះអ្នកថ្មី (អ្នកបំរុង) ដែលកំពុងទន្ទឹងរង់ចាំនៅក្នុងតារាងបញ្ជីឈ្មោះ៕