(ភ្នំពេញ)៖ តារាចម្រៀងស្រីរូបស្អាតវ័យក្មេង​ ដែលទស្សនិកជនស្គាល់តាមរយៈបទ​ «ទ្រនំស្នេហ៍កម្ម»​ កញ្ញា​ រ៉ាឌី​ ក្រោយពីជោគជ័យការងារសិល្បៈ​ ផ្នែកចម្រៀងមិនទាន់បានប៉ុន្មានផង​ នៅពេលថ្មីៗនេះ​ ក៏ស្រាប់តែវិវត្តន៍ខ្លួនក្លាយជា​ ថៅកែហាងសំលៀកបំពាក់​ និងហាងកាត់សក់​ ដែលសាម៊ីខ្លួនអះអាងថារំពឹងជោគជ័យមិនចាញ់​ ការងារសិល្បៈនោះទេ។

បើទោះជាវ័យក្មេងក៏ពិតមែនតែ​ តារាស្រីសាច់សរកញ្ញា​ រ៉ាឌី​ បានខិតខំស្រវ៉ាយកភាពល្បីល្បាញ​ តាមរយៈការច្រៀងចម្រៀង​ Original Song​ ជាហូរហែរ​ ដែលធ្វើឲ្យទស្សនិកជនស្គាល់នាងមិនតិចទេ។ហើយអ្វីដែលទស្សនិកជនចាប់អារម្មណ៍គឺ​ កាលពីម្សិលមិញបានរៀបចំបើកសម្ពោធហាងថ្មីលក់សម្លៀកបំពាក់បុរស និងហាងកាត់សក់នៅលើផ្លូវ២០០៤ ទល់មុខការ៉ាស់សាំងតូតាល់ម្ដុំអតីតជញ្ជីងថ្លឹងឡានទី២ របស់ខ្លួន​ ស្របពេលដែលការងារសិល្បៈរបស់នាងកំពុងតែវិវត្តន៍​ ទៅមុខនិងមានយីអ៊ុនឡើង។

តារាស្រីរូបស្រស់​ កញ្ញា​ រ៉ាឌី​ បានប្រាប់អ្នកសារព័ត៌មានក្នុងថ្ងៃនាងបើកសម្ពោធជំនួញថ្មីថា​ មួយរយៈនេះនាងមានភាពមមាញឹកខ្លាំង​ ជាមួយការងាររៀបចំហាងឲ្យមានលំនឹង​ ហើយបើងាកទៅការងារសិល្បៈវិញ​ ក៏រវល់ដែលគឺនៅពេលឆាប់ៗនេះ​ នាងបានរៀបចំចេញបទចម្រៀងថ្មីរបស់ខ្លួនដើម្បីដល់ទស្សនិកជន​ នៅស្នាដៃថ្មីៗរបស់នាង។

កញ្ញារ៉ាឌី បានប្រឡូកសិល្បៈជាងមួយឆ្នាំមកហើយ ហើយ​មកទល់ពេលនេះ​ នាងបានចេញបទចម្រៀងស្នាដៃថ្មី Original song បាន៤បទមកហើយ ដែលទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់​ នៅតាមបណ្ដាញសង្គមហ្វេសប៊ុកនិងយូធូប៕