(កំពង់ធំ)៖ ក្នុងបេសកកម្មដើម្បីលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ លោកស្រី ហ៊ុន ដានី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន បានដឹកនាំប្រតិភូចុះសួរសុខទុក្ខក្រុមនារីឯកជន និងអ្នកបម្រើសេវានៅតាមមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ក្នុងខេត្តកំពង់ធំ មានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ខារ៉ាអូខេជាដើម។

ក្នុងសកម្មភាពដែលធ្វើឡើងនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នោះ លោកស្រី ហ៊ុន ដានី បានលើកទឹកចិត្តដល់បណ្ដាស្ត្រីដែលបម្រើការនៅតាមមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ គប្បីត្រូវចេះឲ្យតម្លៃខ្លួនឯង និងរក្សាអត្តសញ្ញាណស្ត្រីខ្មែរឲ្យបានល្អខ្ជាប់ខ្ជួន។

លោកស្រីអនុរដ្ឋលេខាធិការបានថ្លែងថា ក្រសួងទេសចរណ៍ ដែលមានលោក ថោង ខុន ជារដ្ឋមន្ត្រីដ៏សកម្ម តែងតែយកចិត្តទុកដាក់ចំពោះបណ្ដាស្ត្រីទាំងក្នុងផ្នែករដ្ឋ និងឯកជន។ ក្រៅពីវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយពីវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ ថែមទាំងបានជំរុញការចុះសួរសុខទុក្ខដល់ស្ត្រីដល់មូលដ្ឋានអាជីវកម្មផ្ទាល់ ដើម្បីដឹងពីសុខទុក្ខ ស្ថានភាពរបស់ស្ត្រីដែលប្រកបការងារក្នុងវិស័យនេះ សំដៅចូលរួមដោះស្រាយនូវទុក្ខកង្វល់ ក៏ដូចជាបញ្ហាប្រឈមទាំងឡាយដែលពួកគាត់បាន និងកំពុងជួបប្រទះ។

លោកស្រីក៏បានថ្លែងអំណរគុណទៅដល់ម្ចាស់អាជីវកម្ម និងអ្នកបម្រើសេវាទាំងអស់ ដែលបានរួមចំណែកដោយផ្ទាល់ និងដោយប្រយោល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ជាតិឲ្យមានការរីកចម្រើន «ពោលគឺតម្លៃការងារមានដូចគ្នា» បើទោះបីអ្នកខ្លះជាអ្នករត់តុ ជាអ្នកចម្អិនម្ហូបអាហារ ជាអ្នកជូតសម្អាត ជាអ្នកគេហកិច្ច ជាអ្នកបម្រើភេសជ្ជៈ ឬជាអ្នកការិយាល័យជួរមុខ ជួរក្រោយក៏ដោយ គ្រាន់តែប្រភេទការងារខុសគ្នាតែប៉ុណ្ណោះ។

ឆ្លៀតឱកាសនោះ លោកស្រីអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ក្រុមនារីឯកជនឲ្យចេះសាមគ្គីគ្នា ចែករំលែកបទពិសោធន៍គ្នា ប្រកាន់នូវអនាម័យ ភាពស្អាត និងបៃតង ទាំងក្នុងបរិស្ថានរស់នៅ ក៏ដូចជាបរិស្ថានការងារ ជាពិសេសត្រូវចេះរក្សាតម្លៃខ្លួនឯង និងអត្តសញ្ញាណប្រពៃណីស្ត្រីខ្មែរឲ្យបានល្អប្រពៃផងដែរ៕