(សៀមរាប)៖ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំ២០១៧ ករណីជំងឺគ្រុនចាញ់កើតឡើងលើប្រជាជនកម្ពុជា សរុបចំនួន៤៥,៩៩១ករណី និងស្លាប់ម្នាក់ ដោយអ្នកជំងឺបានកើនឡើង៩៥% បើធៀបនឹងឆ្នាំ២០១៦ នៅត្រឹមតែ ២៣,៦២៧ករណីឈឺ និងស្លាប់ម្នាក់ដូចគ្នា។

លោកថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅ​ ឆ្នាំ២០១៨ ទូទាំងប្រទេស របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខេត្ដសៀមរាបថា បន្ទាប់ពីអនុវត្តយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់មកគឺ ករណីជំងឺគ្រុនចាញ់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ បានថយចុះគួរឲ្យកត់សម្គាល់ពី ១១,២០៥៧ករណីឈឺ និងស្លាប់៩៣នាក់ ក្នុងឆ្នាំ២០១១ មកនៅត្រឹម២៣,៦២៧ ករណីឈឺ និងស្លាប់១នាក់ ក្នុងឆ្នាំ២០១៦ បានន័យថា សូចនាករអត្រាឈឺទទួលបានជោគជ័យ២ឆ្នាំមុនកាលកំណត់ នៃសូចនាករគ្រោងឆ្នាំ២០១៩ និងសូចនាករអត្រាស្លាប់ទទួលបានជោគជ័យរួចជាស្រេច មុនកាលកំណត់នៃសូចនាករគ្រោងឆ្នាំ២០១៩។

លោកវេជ្ជបណ្ឌិតថ្លែងបន្ដថា សម្រាប់ឆ្នាំ២០១៧វិញ ករណីជំងឺគ្រុនចាញ់សរុបចំនួន ៤៥,៩៩១ករណី និងស្លាប់ម្នាក់ គឺឈឺបានកើនឡើង៩៥% បើធៀបនឹងឆ្នាំ២០១៦ ដោយកត្តាចូលរួមមួយចំនួនដូចជា

* សេវាអ្នកស្ម័គ្រចិត្តភូមិ នៅសហគមន៍ត្រូវបានផ្អាកស្ទើរតែទាំងស្រុងនៅទូទាំងប្រទេស ដែលអាចជាហេតុធ្វើឲ្យអ្នកជំងឺ នៅសហគមន៍ទៅទទួលសេវាព្យាបាលយឺតយ៉ាវ និងបង្កលក្ខណៈឲ្យអត្រាចំលងប៉ារ៉ាស៊ីត ដោយមូសដែកគោលកើនឡើងខ្ពស់។

* ប្រសិទ្ធិភាពមុងជ្រលក់ថ្នាំដល់អាយុកាលអស់ប្រសិទ្ធិភាព បន្ទាប់ពីប្រើប្រាស់រយៈពេល៣ឆ្នាំ និងមានការរហែកច្រើន។

* អាកាសធាតុមានការប្រែប្រួល ដោយមានភ្លៀងធ្លាក់បន្លាយពេលយូរ ដែលអាចជាកត្តាធ្វើឲ្យមានភាពអំណោយផល ដល់ការកកើតរបស់ភ្នាក់ងារចំលង។

* ប្រជាជនចល័ត និងតាំងលំនៅឋានថ្មី នៅតំបន់អភិវឌ្ឍន៍ថ្មីៗនៅកន្លែងប្រឈមការចំលងជំងឺគ្រុនចាញ់ខ្ពស់។

* សេវារុករកករណីជំងឺត្រូវបានពង្រីក និងពង្រឹងអោយសមស្របតាមយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ត្រូវបានចាប់ផ្តើមអនុវត្តន៍។

* ការផ្លាស់ប្តូរថ្នាំថ្មីជំនួសថ្នាំចាស់ ដែលស៊ាំមានការយឺតយ៉ាវប្តូរពី DHA-PIP ទៅ AS-MQ និងការងារអប់រំសុខភាពនៅឆ្នាំកន្លងមក មិនសូវមានសន្ទុះខ្លាំងក្លា ដោយកញ្ចប់ថវិកាមិនមែនគ្រប់គ្រងផ្ទាល់ដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ជាសកម្មភាពឆ្លើយតបទៅនឹងស្ថានភាពជំងឺគ្រុនចាញ់នោះ គឺកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានអនុវត្តន៍ ពង្រឹង និងពង្រីកនូវសកម្មភាពយុទ្ធសាស្រ្តការងារដូចជា៖

* ចងក្រង និងផ្គត់ផ្គង់មគ្គុទេសក៍ព្យាបាលជំងឺគ្រុនចាញ់ថ្មី ប្រើថ្នាំថ្មី រួមទាំងបណ្តុះបណ្តាលស្តារសមត្ថភាព ដល់មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាពទូទាំងប្រទេស ។ គ្រូបង្គោល១៤៤នាក់ (ស្រី២២នាក់ស្មើនឹង១៥%) មកពីថ្នាក់ខេត្តចំនួន២១ខេត្ត និង៥៣ស្រុកប្រតិបត្តិ ត្រូវបានបណ្តុះបណ្តាលអំពីការគ្រប់គ្រងជំងឺគ្រុនចាញ់របស់សេវាសហគមន៍ ក្នុងការប្រើប្រាស់ថ្នាំព្យាបាលគ្រុនចាញ់ថ្មី។

* បានបង្កើតប្រព័ន្ធរបាយការណ៍រហ័ស ដោយមូលដ្ឋានគេហទំព័រ (Web-based) ដែលអាចរាយការណ៍ទាន់ពេលវេលានូវ ករណីជំងឺ ស្ថានភាពឱសថ តេស្តគ្រុនចាញ់ នៅទូទាំងតំបន់នៃ២១ខេត្ត ចំនុចប្រឈមជំងឺគ្រុនចាញ់។ ប្រព័ន្ធរបាយការណ៍ថ្មីនេះ ត្រូវបានប្រើប្រាស់៦៥២ tablet សម្រាប់រាយការណ៍ដោយថ្នាក់មណ្ឌលសុខភាព។

* ថ្នាំព្យាបាលជំងឺគ្រុនចាញ់ AS-MQ ដែលមានប្រសិទ្ធិភាព១០០% ត្រូវបានប្រើនូវទូទាំងប្រទេស។

* នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ បានចែកមុងជ្រលក់ថ្នាំប្រសិទ្ធភាពយូរចំនួន ៥៤៧,៥៣៦មុង (ស្មើនឹង៨០%) នៃផែនការដល់ខេត្តចំនួន៤មាន មានខេត្តក្រចេះបាន១០០% ខេត្តស្ទឹងត្រែងបាន ៩៨% ខេត្តព្រះវិហារបាន ៣៤% និងខេត្តកំពង់ស្ពឺបាន៩៨%។

* យុទ្ធសាស្រ្តអប់រំសុខភាពថ្មីឆ្នាំ២០១៧ សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ បានចងក្រង និងបានផ្សព្វផ្សាយដល់ថ្នាក់ក្រោមជាតិទាំង២១ខេត្តគោលដៅ (ខេត្ត និងស្រុកប្រតិបត្តិ) និងដៃគូអភិវឌ្ឍន៍ចំនួន៤។

មជ្ឈមណ្ឌលជាតិប្រយុទ្ឋនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានកំណត់អាទិភាពទិសដៅយុទ្ធសាស្រ្តជាតិសំរាប់ឆ្នាំ២០១៨ ជាអាទិ៍មាន ៖

* ត្រៀមអនុវត្តយុទ្ធសាស្រ្តលុបបំបាត់ជំងឺគ្រុនចាញ់ ដោយធ្វើឲ្យអត្រាអាំងស៊ីដង់ជំងឺមកនៅត្រឹម ១ក្នុងចំណោមមនុស្ស១,០០០នាក់ ចាប់ពីឆ្នាំ២០១៨ទៅ នៅខេត្តចំនួន៦ គឺខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ធំ សៀមរាប ប៉ៃលិន និងកំពង់ស្ពឺ។

* សហការ និងជំរុញឲ្យសេវាសហគមន៍ (អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ និងសេវាឯកជន) ឲ្យបានដំណើការប្រក្រតីឡើងវិញ ១០០% និងត្រៀមពង្រីកបន្ថែម។

* រៀបចំចែកមុងជ្រលក់ថ្នាំប្រសិទ្ធភាពយូរ (មុងគ្រែចំនួន ១,៥៦៦,៣២៣មុង និងមុង អង្រឹង ចំនួន ៦០,៣១៤មុង) ដល់ប្រជាជនគោលដៅ និងប្រជាជនចល័តស្រុកអោយបាន៩៥%។
* ធ្វើការផ្សព្វផ្សាយឲ្យបានស៊ីជំរៅ និងទូលំទូលាយលើយុទ្ធសាស្រ្តអប់រំសុខភាព សម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់ ដល់ប្រជាជនដែលងាយរងគ្រោះដោយជំងឺគ្រុនចាញ់ តាមរយៈការសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ និងដៃគូអនុវត្តការងារ។

* ត្រៀមបង្កើត និងប្រើប្រាស់ កម្មវិធីត្រួតពិនិត្យគុណភាពបែបមូលដ្ឋានគេហទំព័រ សម្រាប់ ពង្រឹងគុណភាពសេវាឯកជននៅទូទាំងប្រទេសនៅឆ្នាំ២០១៨។

* សម្របសម្រួលលើកកម្ពស់ដំណើរការអនុវត្តន៍កាតព្វកិច្ច ជាភារកិច្ចរបស់ក្រុមការងារ ពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត៕