(ភ្នំពេញ)៖ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មន្ដ្រីយោធាពាក់ស័ក្ដិ៥ បម្រើការ​នៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស​ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។ នេះបើតាមមន្ដ្រីតុលាការ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការ​នៅល្ងាចថ្ងៃនេះ។

មន្ដ្រីតុលាការបានបញ្ជាក់ថា លោក ងិន ពេជ ជាតំណាងអយ្យការ​បានបើកការស៊ើបសួរ និងចោទប្រកាន់លើ ឈ្មោះ ប៉ែន សាយវ័ន្ត ​អាយុ​៣៤ឆ្នាំ មុខរបរ​យោធា មានឋានន្តរស័ក្តិ វរសេនីយ៍ឯក (ស័ក្តិ៥) បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ ពីបទ​ប្រើប្រាស់អាវុធខុសច្បាប់ និងបទ ហិង្សាដោយអចេតនា លើជនរងគ្រោះ មានឈ្មោះ ជុំ គា អាយុ​៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ​ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្ត​កាលពីវេលាទាបភ្លឺថ្ងៃទី២០ ខែកុ​ម្ភៈ ឆ្នាំ២០១៨ នៅចំណុច​ម្តុំ​​មុខ​អតីតរោង​កុនអង្គរ ខណ្ឌ៧មករា៕