(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំអឌ្ឍមាសនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពី សំណាក់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិការ ប្រធាននាយកដ្ឋាន និងមន្រ្តីរាជការ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអនុញ្ញាតឲ្យ លោក លោកស្រី ជាអគ្គនាយក អគ្គនាយិការរាយការណ៍ពីសមិទ្ធិកម្មក្នុងការអនុវត្តការងារ លើកបញ្ហាប្រឈម និងដំណោះស្រាយនៅក្នុងអគ្គនាយដ្ឋាន វិទ្យាដ្ឋាន និងមជ្ឈមណ្ឌលនីមួយៗ។ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដាក់ទិសដៅមុតស្រួច និងទស្សនទានវែងឆ្ងាយ ដោយកំណត់ឲ្យប្រធានអង្គភាពនីមួយៗត្រូវខិតខំបំពេញការងារតាមតួនាទីភារកិច្ច ដូចមានចែងនៅក្នុងច្បាប់ និងតាមលិខិតបទដ្ឋានគតិយុត្តិដែលមានឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ដើម្បីចូលរួមអនុវត្តគោលនយោបាយកែទម្រង់សីុជម្រៅរបស់រាជរដ្ឋាភិបាល ហើយមន្ត្រីរបស់ក្រសួងទាំងអស់ត្រូវមានភារកិច្ចការពារមើលថែវិស័យឧស្សាហកម្ម ជាពិសេស សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ធ្វើយ៉ាងណាឱ្យផលិតផល ឬទំនិញចេញពីវិស័យនេះ អាចទទួលបានការទទួលស្គាល់ទូលំទូលាយនៅក្នុងទីផ្សារអន្តរជាតិ នៅមុនឆ្នាំ២០៣០ នៅពេលដែលកម្ពុជាប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ កម្ពុជានឹងមិនមានការប្រឈមខ្លាំងឡើយ ពេលដែលប្រទេសមួយចំនួនដកប្រព័ន្ធអនុគ្រោះ GSP ចេញនៅឆ្នាំ២០៣០។

ដើម្បីសម្រួចមន្ត្រីរបស់ក្រសួង លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានរៀបនូវកម្មវិធីស្ទាបស្ទង់មតិមួយដែលមានឈ្មោះថា «កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជនរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម»

កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ គឺជាការបោះឆ្នោតផ្តល់មតិដោយសម្ងាត់ និងយុត្តិធម៌របស់មន្រ្តីរាជការក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅលើការងារដឹកនាំ គ្រប់គ្រង និងការបំពេញការងារ របស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយធ្វើឡើងក្នុងស្មារតីចូលរួមចំណែក ក្នុងគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អរបៀបរបបធ្វើការងារ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្រើនរំឭកជាប្រចាំឲ្យមន្រ្តីរាជការគ្រប់ស្ថាប័ន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។

លទ្ធផលនៃការស្ទង់មតិនេះ នឹងជួយដាសស្មារតីដល់មន្រ្តីរាជការគ្រប់រូបឲ្យមើលឃើញពីកំហុសឆ្គងរបស់ខ្លួន ក្នុងការអនុវត្តការងារជាមួយមន្ត្រីក្រោមឱវាទ ហើយត្រូវធ្វើការកែប្រែឲ្យបានជាបន្ទាន់ទាំងអត្តចរិត និងសីលធម៌ ធ្វើយ៉ាងណាឲ្យការបំពេញការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសេចក្តីថ្លៃថ្នូរ ជៀសវាងការថ្នាំងថ្នាក់ពីមន្រ្តីថ្នាក់ក្រោម ដែលអាចឈានទៅដល់ការវៈកាត់ នៅពេលណាមួយ៕