(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ី បានបើកកម្មវិធីមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី៧ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ CJCC។

កម្មវិធីវប្បធម៌ឆ្នាំនេះធ្វើឡើង ដើម្បីអបអរសាទរដល់ ខួបអនុស្សាវរីយ៍ ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ជប៉ុន-កម្ពុជា។

ក្រៅពីកម្មវិធីធំៗទាំងនេះ ក៏មានកម្មវិធីជាច្រើនផ្សេងទៀត ដូចជាការសម្តែងសិល្បៈ សិក្ខាសាលានៃភ្លេងបុរាណ និងទំនើបជប៉ុន សិល្បៈបត់ក្រដាស (អូរីហ្គាមី) តុបតែងផ្កា (អ៊ីកេបាណា) ការសរសេរអក្សរផ្ចង់ (ស្យូដូ) ការសាកល្បងធ្វើត្រាជ័រលុប ព្រមទាំងមាន ការធ្វើបឋកថានានា ការតាំងពិព័រណ៍ផ្សេងៗនៅក្នុងមហោស្រពនេះ។

ប្រធានបទក្នុងឆ្នាំនេះគឺ «Beat of Japan» ជាសំឡេងតន្ត្រីគំហុកនៃការរឹតចំណងមិត្តភាពរវាង ជប៉ុន-កម្ពុជា ដែលឆ្នាំនេះជាការ ប្រារព្ធខួបអនុស្សាវរីយ ៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសជប៉ុននិងកម្ពុជា ។ ប្រធានបទក្នុងមហោស្រពនេះ នឹងញ៉ាំងឲ្យប្រជាជន កម្ពុជាមានអារម្មណ៍កាន់ តែស្និទ្ធស្នាលជាមួយប្រទេសជប៉ុន និងចាប់អារម្មណ៍ទៅលើវប្បធម៌ជប៉ុន។

សូមរំលឹកថា មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ត្រូវបានរៀបចំឡើងនៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ដើម្បីបង្ហាញពីវប្បធម៌ជប៉ុនបុរាណ និងទំនើបក៏ដូចជាការផ្លាស់ប្តូរ វប្បធម៌រវាងប្រទេសទាំងពីរ៕