(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានអំពាវនាវយ៉ាងទទូច ទៅដល់​ប្រជាពលរដ្ឋ​ ឲ្យមាន​ការបង្កើតការប្រុងប្រយ័ត្នខ្ពស់បំផុត ទៅលើតំបន់ដែលសង្ស័យថា មានគ្រាប់មីន ករណីមានចំណុចសង្ស័យថា តំបន់នោះ ជាតំបន់មានគ្រាន់មីន ​សូម​រាយ​ការណ៍ជាបន្ទាន់ទៅដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីក្រុមការងារចុះដោះជាបន្ទាន់ ដើម្បីរក្សាសុវត្ថិភាពទៅដល់ប្រជាពលរដ្ឋ។

ការទទូចស្នើបែបនេះ របស់លោក ហេង រតនា គឺដើម្បីបញ្ចៀស នូវគ្រោះថ្នាក់ទាំងឡាយណា ដែលកើតមានទៅដល់ប្រជាពលរដ្ឋជាយថាហេតុ ខណៈ​ដែល​ពលរដ្ឋ​ប្រកបរផ្សេងៗ ទៅលើតំបន់ដែលមានគ្រាន់មិនទាន់ផ្ទុះ។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News លោក ហេង រតនា បានថ្លែងថា «ខ្ញុំយល់ថា ការយល់ដឹងពីគ្រោះថ្នាក់ ដែលបណ្ដាលមកពីគ្រាន់មីននេះ ​គឺជាវិធានការយ៉ាងសំខាន់បំផុត ព្រោះយើងពិតជាខ្លោចផ្សាណាស់នៅពេល ដែលឃើញកុមារតូចៗស្លាប់ និងរបួស​ ដូចជាដាច់ដៃ ដាច់ជើង ខ្វាក់ភ្នែក និងអ្នកខ្លះទៀតស្លាប់យ៉ាងវេទនា ធ្វើឲ្យក្រុមគ្រួសារធ្លាក់ក្នុងភាពក្រីក្រ ដូច្នេះហើយទើប ខ្ញុំសូមអំពាវនាវយ៉ាងទទូច ជាពិសេសប្រជាពលរដ្ឋ​ដែលរស់នៅក្នុងមូលដ្ឋានដែលធ្លាប់ជាតំបន់មានការប្រយុទ្ធគ្នា ជាតំបន់មានគ្រាន់មីន គ្រាន់បែកច្រើន ឬតំបន់ដែលធ្លាប់រងដោយគ្រាប់គីមី​ សូមមានការប្រុង​ប្រយ័ត្ន ហើយប្រសិនបើសង្ស័យទៅលើចំណុចណាមួយ សូមមេត្តារាយការណ៍ទៅនគរបាលប៉ុស្តិ៍ ដែលនៅជិតបំផុត ដូចជាមេឃុំជាដើម»

លោកបានបន្ដទៀតថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ជាទិវាយល់ដឹងអំពីមីន ដែលអគ្គនាយកស៊ីម៉ាកតែងតែប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីបន្ដជំរុញផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ ដោយសារគ្រាន់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

លោកថា ទោះបីបច្ចុប្បន្នគ្រោះថ្នាក់ ដោយសារគ្រាន់មីន ​និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានថមថយ ជាមួយលទ្ធផលគួរឲ្យកត់សំគាល់យ៉ាងណាក្ដី ក៏យើងនៅតែមានការសោកស្ដាយ​ ទោះបីជាមានមនុស្សតែម្នាក់ ស្លាប់ដោយសារគ្រាប់មីនក៏ដោយ។

លោកបានបញ្ជាក់ទៀតថា ការងារដែលអគ្គនាយកស៊ីម៉ាកបន្ដផ្សព្វផ្សាយនេះ ផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ប្រសិនបើក្រឡែកមើលទៅអតីតកាល ប៉ុន្មានឆ្នាំមុន ជាពិសេសនៅពេលដែលប្រទេសកម្ពុជាមានសង្គ្រាមផង និងសន្ដិភាព មានន័យថាក្នុងឆ្នាំ១៩៩៥-១៩៩៦ អត្រាគ្រោះថ្នាក់​ដោយសារ​គ្រាន់មីន បានកើនឡើងក្នុងចំណុចមួយដែលខ្ពស់ជាងគេ នៅលើសាកលលោក មិនមានប្រទេសណាមានគ្រោះថ្នាក់ ដោយសារគ្រាន់មីនជាង៥ពាន់នាក់​ក្នុង១ឆ្នាំនោះឡើយ ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតថ្ងៃដែលយល់ដឹងពីគ្រាន់មីន ដើម្បីជំរុញឲ្យប្រជាពលរដ្ឋកម្ពុជា យល់ដឹងពីគ្រោះ​ថ្នាក់គ្រាន់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

លោកក៏បានបញ្ជាក់ទៀតថា ស៊ីម៉ាក់បានបង្កើតឡើងក្នុង ខែមិថុនា ឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ននេះ មានរយៈពេលប្រមាណ២៥ឆ្នាំមកហើយ ដោយ​បានសាងសមិទ្ធផលជាច្រើនដូចជា បានរំដោះផ្ទៃដីដែលមានបញ្ហាគ្រាន់មីន យុទ្ធភណ្ឌមិនទាន់ផ្ទះ សល់ពីសង្គ្រាមបានជាង១ពាន់គីឡូម៉ែត្រក្រឡា រុករកឃើញ និងកំទេចគ្រាន់មីនប្រឆាំងមនុស្ស គ្រាន់មីនប្រឆាំងរថក្រោះ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទជាង​ ២,៦០០,០០០គ្រាប់ នេះ​ជា​បរិមាណគ្រាប់ដែលបានបន្សល់ទុកក្រោយសង្គ្រាម៕