(ប៉ៃលិន)៖ នៅថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត​ និងមន្រ្តីក្រោមឱវាទបានចុះត្រួតពិនិត្យ ទំនិញដាក់តាំងលក់តាមគេហដ្ឋាន ស្ថិតក្នុងភូមិផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ និងបានរកឃើញ និងដកហូតទំនិញខូចគុណភាព​ (ហួសកាលបរិច្ឆេទ) ៣៥០.៨៣គីឡូក្រាមយក មករក្សារទុកនៅស្នាក់ការ​រង់ចាំ ​ការចាត់ចែង​ទៅតាមនីតិវិធីច្បាប់។

លោក ឈឹម វាសនា បានថ្លែងថា​ ក្រុមការងារ​បានចុះ​ត្រួតពិនិត្យ​ ទៅ​លើ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​​មួយ​ចំនួន ​ដើម្បី​ស្វែងរក​សារធាតុ​គីមី និង​ធ្វើការ​ហាមឃាត់​ ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង ​ខេត្តប៉ៃលិន​​ផង​ដែរ ។

លោកបានបញ្ជាក់ទៀតថា​ ចំណីអាហារ​ដែល​គ្មានស្លាក​សញ្ញា​ត្រឹមត្រូវ​នេះ ​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព ​ពីព្រោះម្នាក់ៗ​ មិនអាច​ដឹង​កាលបរិច្ឆេទ​ផុតកំណត់​ប្រើប្រាស់នោះឡើយ ជាងនេះទៀត​បើ​បងប្អូន​អាជីវករ ​នាំយកទៅ​លក់​នៅតាមទីប្រជុំជន​ ឬតាម​សាលារៀន​ អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​កុមារ​ និង​ភ្ញៀវ​ទេសចរ​នៅ​ពេល​ទិញ​ទៅ​បរិភោគ។

លោក​បន្ថែមថា​ ​«នេះ​ជា​ករណី​ថ្មី​មួយទៀត ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន ហើយ​បងប្អូន​ប្រកបរបរ​លក់ដូរនៅតាម​ផ្ទះ ​ឬ​តាម​សាលារៀន​ក្តី ត្រូវ​រួមគ្នា​ស្វែងយល់​ពី​ការប្រើប្រាស់​ចំណីអាហារ បើ​ទំនិញ​ណាមួយ​គ្មាន​ស្លាក​សញ្ញា​នោះ ​សូម​បញ្ឈប់ជាបន្ទាន់ ​មិនត្រូវ​ទិញ​មក​លក់​ឡើយ​ មួយវិញទៀត​បញ្ហាចំណី​អាហារ​ ដែលគ្មានកាលរិច្ឆេទប្រើប្រាស់នោះ ជាសញ្ញាមួយបង្ហាញពីភាពគ្រោះថ្នាក់បំផុត»។​

លោកបានបញ្ជាក់បន្ថែមទៀតថា «ការប្រើប្រាស់ផលិតផលផុតកំណត់ទាំងនេះ នឹងបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជា ឈឺពោះ រាក ក្អួត បើព្យា​បាលមិនទាន់ពេលនោះវាអាចធ្វើឲ្យមនុស្សស្លាប់ ជាពិសេសកុមារតូចៗ»

ក្នុងនោះដែរ អាជីវករលក់ចំណីអាហារ និងផ្លែឈើបានសម្ដែងការសារទរជាខ្លាំង ចំពោះ​មន្រ្ដីសាខាកាំកុងត្រូល ដែលបានចុះពិនិត្យដល់ផ្សារ តាមគេហដ្ឋាន ព្រោះទីនោះជាទីប្រជុំភ្ញៀវទេសចរ ធ្វើដំណើរមកសំចតឈប់ទិញទំនិញជាប្រចាំ ប្រសិនបើទំនិញគ្មានគុណភាពនោះទេ នោះភ្ញៀវទេសចរក៏មិនមកគាំទ្រនោះដែរ៕