(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានថ្លែងពីការខិតខំប្រឹងប្រែង ​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងសន្សំសំចៃនូវចំណូលថវិកា ដើម្បី​បញ្ជូនទៅឲ្យថ្នាក់ក្រោមជាតិ បម្រើដល់កិច្ចការរដ្ឋបាល ដោយមិនបាន​រង់ចាំជំនួយពីប្រទេសណា ឬដៃគូអភិវឌ្ឍន៍ណាឡើយ។

ការថ្លែងបែបនេះ របស់សម្ដេចតេជោ ធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញ ជាអធិបតីភាពក្នុងវិធីបិទសន្និសីទជាតិ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត ដែលរៀបចំឡើង នៅសាលសន្និបាត កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កម្ពុជាមិនបានអង្គុយរង់ចាំ ជំនួយពីនរណានោះទេ គឺកម្ពុជាបានខិតខំសន្សំប្រាក់ទម្លាក់ទៅថ្នាក់ក្រោមជាតិ ដើម្បីការអភិវឌ្ឍនៅមូលដ្ឋាន។ តាមរបាយការណ៍សម្តេចក្រឡាហោម រយៈពេលកន្លងទៅ យើងបានបញ្ជូនចុះ ទៅជាង២ពាន់លានដុល្លាររួចស្រេចទៅហើយ។ ឥឡូវឆ្នាំនេះ យើងបញ្ជូនទៅផ្ទាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីថ្នាក់ជាតិ ទៅឲ្យថ្នាក់ក្រោមជាតិ ទាំង៣កម្រិតនេះ ជាង៤៣០លានដុល្លារ ប៉ុន្តែនូវមានស្ថាប័នថ្នាក់ជាតិបញ្ជូន ទៅស្ថាប័នថ្នាក់ក្រោមជាតិ ទៅតាមខ្សែបណ្តោយរបស់ខ្លួនមួយចំនួនផ្សេងទៀត។ ប៉ុន្តែគេមិនត្រូវឃើញតែចំណុចត្រឹមប៉ុណ្ណឹងទេ ចំនួនដែលរដ្ឋបាលថ្នាក់ក្រោមទទួលបានវាច្រើនជាងនេះ»

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា នៅថ្នាក់ក្រោមជាតិមិនត្រឹមតែទទួលបានថវិកាប្រចាំឆ្នាំប៉ុណ្ណោះទេ ថែមទាំងទទួលអត្ថប្រយោជន៍អំពីគម្រោងផ្លូវស្ពាន, គម្រោងប្រឡាយទឹក និងគម្រោងផ្សេងៗទៀត ដែលថ្នាក់ជាតិចុះអនុវត្តន៍ដោយផ្ទាល់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងជំរុញឲ្យរដ្ឋាបាលថ្នាក់ក្រោមជាតិ ប្រើប្រាស់ថវិកាដែលថ្នាក់ជាតិទម្លាក់ជូនឲ្យមានប្រសិទ្ធភាពដោយមិនត្រូវ ប្រើប្រាស់ថវិកានោះ ខុសគោលដៅនោះឡើយ។

លើសពីនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកថា ការផ្ដល់អំណាចទៅដល់ថ្នាក់មូលដ្ឋានកាន់តែខ្លាំង នឹងធ្វើឲ្យការទទួលខុសត្រូវកាន់តែខ្ពស់ និងការជួយដោះស្រាយកង្វល់ របស់ប្រជាពលរដ្ឋមូលដ្ឋាន កាន់តែល្អប្រសើរដែលជាអ្វី ដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសុំឲ្យប្រយ័ត្នពាក្យដែលថា ថវិកាប្រមាណជាង៤៣០លានដុល្លារត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំង៣ថ្នាក់ ដើម្បីចាត់ចែងប្រើប្រាស់ដោយឆន្ទានុសិទ្ធិ ប្រយ័ត្នពាក្យឆន្ទានុសិទ្ធិ ធ្វើយ៉ាងម៉េចចាយឲ្យបានត្រឹមត្រូវ»