(ភ្នំពេញ)៖ កម្ពុជាវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលបណ្តុះបណ្តាលជំនាញឯកទេសខាងការទូត លើកដំបូងនៅកម្ពុជា បានចាប់ផ្តើមដាក់ឱ្យ ដំណើរការការងាររបស់ខ្លួនហើយចាប់ពីពេលនេះតទៅ។ នេះបើយោងតាមការប្រកាសរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនូវ សមិទ្ធផលអគារវិទ្យាស្ថានជាតិការទូត និង ទំនាក់ទំនងអន្តរជាតិ និងអគារការិយាល័យបន្ថែម របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះក្រសួងសម្ពោធជាផ្លូវការ នូវអគារថ្មីទាំងពីរនេះ ហើយវិទ្យាស្ថានការទូតក៏ចាប់ផ្តើមដំណើរការការងាររបស់ខ្លួនចាប់ពីពេលនេះទៅដែរ»

បើតាម លោក ប្រាក់ សុខុន បានឲ្យដឹងថា វិទ្យាស្ថាននេះ មានតួនាទីតម្រង់ទិស និងកសាងសមត្ថភាពវិជ្ជាជីវៈសម្រាប់អនាគតមន្ត្រីការទូត ឬមន្ត្រីទើបតែចូលថ្មី និងមានតួនាទីពង្រឹង និងបង្កើនសមត្ថភាពវិជ្ជាជីវៈសម្រាប់មន្ត្រីការទូតដែលកំពុងបម្រើការនាពេលបច្ចុប្បន្ន។ លោកបានបន្តថា វិទ្យាស្ថាននឹងបណ្តុះបណ្តាលមន្ត្រី នូវចំណេះដឹងទូទៅទូលំទូលាយ និងសមត្ថភាពពហុជំនាញទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ កុងស៊ុល ភាសាបរទេស និងការយល់ដឹងដ៏ច្បាស់លាស់អំពីភារកិច្ច និងបេសកកម្មជាក់លាក់ ក្នុងនាមជាតំណាងកម្ពុជានៅក្រៅប្រទេស ក្នុងបរិបទ នៃការប្រកួតប្រជែងការទូតសម័យទំនើប ដោយឈរលើគោលការណ៍ស្មើមុខ ស្មើសិទ្ធិ នៅលើឆាកអន្តរជាតិ។

លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងទៀតថា វិទ្យាស្ថាននេះប្រៀបបានដូចជាស្ពាននៃទំនាក់ទំនងសាធារណៈ។ លោកបន្តថា តួនាទីក្នុងការទាក់ទង និងផ្លាស់ប្តូរ ជាមួយស្ថាប័នអន្តរជាតិនានា ក៏មានសារៈសំខាន់ផងដែរ ជាពិសេសទាក់ទងនឹងការផ្សព្វផ្សាយ និងការបង្កើនការយល់ដឹង ពីនយោបាយការបរទេស របស់កម្ពុជា ក៏ដូចជាការផ្លាស់ប្តូរកិច្ចសន្ទនាគោលនយោបាយជាមួយវិទ្យាស្ថានការទូត និងវិទ្យាស្ថានស្រាវជ្រាវការទូត និងយុទ្ធសាស្ត្រនានាក្នុងពិភពលោក ក្នុងក្របខ័ណ្ឌ Track 2 ឬ Track 1.5។

លោក ប្រាក់ សុខុន បានឲ្យដឹងបន្តទៀតថា នេះគឺជាតួនាទីថ្មីមួយទៀត ដែលមានសារៈសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រការទូត ក្នុងសម័យទំនើប ក្នុងទិសដៅបង្កើនការយល់ដឹង ការគាំទ្រ និងការសហការចំពោះគោលនយោបាយការទូតរបស់កម្ពុជា និងការបន្ស៊ី សម្របសម្រួល និងតម្រង់ទិសគោលនយោបាយ និងទស្សនវិស័យការទូតកម្ពុជា ឱ្យស្របតាមបរិបទនៃការវិវត្តក្នុងតំបន់ និងសកលលោក ដើម្បីធានាបានប្រៀបឈ្នះ ក្នុងការការពារផលប្រយោជន៍ជាតិ។ លោកបានបន្ថែមថា ដូច្នេះ វិទ្យាស្ថានក៏មានតួនាទីរៀបចំផែនការបណ្តុះបណ្តាលអ្នកស្រាវជ្រាវ និងវិភាគយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការអនុវត្តទិសដៅនេះ និងជម្រុញឱ្យវិទ្យាស្ថានក្លាយជាស្ថាប័នស្រាវជ្រាវ និងវិភាគយុទ្ធសាស្ត្រនាំមុខគេនៅប្រទេសកម្ពុជាលើ វិស័យការទូតនិងទំនាក់ទំនងអន្តរជាតិផងដែរ៕