(ភ្នំពេញ)៖ កូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ចេញ​មុខ​ពន្យល់​បកស្រាយ​អំពី​ការ​ផ្តល់​ជំនួយ​របស់​ប្រទេស​ជប៉ុន គាំទ្រ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប។ ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ចេញ​មុខ​បកស្រាយ​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ជំនួយ​ជា​ហិប​ឆ្នោត​ចំនួន១​ម៉ឺនហិប​ឆ្នោត ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង ៧​លាន ៥​សែន​( ៧,៥ ) ដុល្លារ នៅ​ថ្ងៃទី​២១ កុម្ភៈ។

កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​នៅ​លើ​ទំព័រ Twitter របស់​កញ្ញា​ថា «ជប៉ុនត្រូវតែពន្យល់ដល់ប្រជាជនកម្ពុជាថា តើហេតុអ្វីបានជាខ្លួន ធ្វើការគាំទ្រដល់ការបោះឆ្នោតសិប្បនិម្មិត ដែលជាការលួចប្លន់ឆន្ទៈ នៃប្រជាជនកម្ពុជារាប់លាននាក់»

ពាក់ព័ន្ធបញ្ហានេះ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យរបស់គ.ជ.ប បានឲ្យដឹងថា អ្វីៗដែល គ.ជ.ប កំពុងធ្វើ ដែលក្នុងនោះមានទាំងការទទួលយកជំនួយផងនោះ គឺអនុវត្តតែទៅតាមច្បាប់ប៉ុណ្ណោះ ។ លោកបានលើកឡើងថា «សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាខាងមុខ គឺខាង គ.ជ.ប បានរៀបចំរួចជាស្រេចហើយ។ គឺយើងដំណើរការទៅដោយក្របខណ្ឌ គ.ជ.ប តែម្នាក់ឯងគ្មានអ្វីជាឧបសក្គទេ គឺអ្វីៗដំណើរការដូចការគ្រោងទុក»

លោកបានថ្លែងថា សម្រាប់ការបោះឆ្នោតជាតិ នៅពេលខាងមុខ គ.ជ.ប ទទួលជំនួយពីប្រទេសជាច្រើន ពិសេសប្រទេសជប៉ុនដែលទើបប្រកាសផ្តល់ថ្មីៗនេះ នូវទឹកប្រាក់សរុបចំនួន៨០០​លានយ៉េន (ប្រមាណ​៧​លានដុល្លារអាមេរិក) សម្រាប់ហិបឆ្នោតជាង១ម៉ឺន និងសម្ភារបច្ចេកទេសដទៃទៀត។ ក្រៅពីនេះគ.ជ.ប មានជំនួយពីប្រទេសចិន ប្រទេសរុស្ស៊ី៕