(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត» សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហាញសមិទ្ធផលធំៗពីរ ដែលឆ្លើយតបទៅនឹងចក្ខុវិស័យ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ពិធីបិទសន្និសីទនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការអស់រយៈពេល ជិត២ទសវត្សមកហើយ ហើយបើពិនិត្យមើលលើការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ កម្ពុជាបានអនុវត្តរយៈពេល ជាង៧ឆ្នាំ ដោយបានបញ្ចប់ការអនុវត្តដំណាក់កាលទី១ និងដំណាក់កាលទី២ ដោយសម្រេចបានសមិទ្ធផលនានាជាច្រើនស្របតាមការរំពឹងទុក។

ក្នុងឱកាសនោះ សម្ដេចប្រធាន គ.ជ.អ.ប បានលើកសមិទ្ធផលធំៗពីរ ដែលកម្ពុជាសម្រេចបានឆ្លើយតបទៅនឹងចក្ខុវិស័យ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនោះគឺ៖

ទី១៖ កម្ពុជាបានរៀបចំធ្វើការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីបង្កើនឡើងនូវ ក្រុមប្រឹក្សាគ្រប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិយ៉ាងទៀងទាត់ ទៅតាមអាណត្តិដែលកំណត់ក្នុងច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីមួយៗ។ ក្រុមប្រឹក្សា​ដែលជាប់ឆ្នោតទាំងនេះ គឹជាស្ថាប័នតំណាងអភិបាលតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ វិសហមជ្ឈការក៏មានសក្ដានុពល ជាតំណាងឲ្យផលប្រយោជន៍ដោយផ្ទាល់ របស់សហគមន៍ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។

ទី២៖ កម្ពុជាបានសម្រេចបាននូវការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈ ការផ្ទេរមុខងារ និងធនធានក្នុងវិស័យអាទិភាពនានាជាបណ្ដើរៗទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងរយៈពេលកន្លងមកនេះ មានក្រសួង ស្ថាប័នចំនួន១៤ ដែលស្ថិតក្នុងវិស័យអាទិភាព បានចូលរួមក្នុងកិច្ចដំណើរការរៀបចំផ្ទេរមុខងា និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាហោម ស ខេង ​បានគូសបញ្ជាក់ថា ក្នុងរយៈពេលជិត ២ទសវត្សរ៍កន្លងមកនេះ តាយរយៈកំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាល បានផ្ទេរថវិកាជាង ២,០០០លានដុល្លារអាមេរិក ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចាត់ចែងប្រើប្រាស់សម្រាប់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។

សូមជម្រាបថា ការធ្វើវិមជ្ឈការ គឺជាដំណើរការនៃការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាចក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងការទទួលខុសត្រូវលើការ ផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍដែលពាក់ព័ន្ធនឹងតម្រូវការ នៃជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការ ឲ្យកាន់តែឆាប់រហ័ស និងមានគណនេយ្យភាព ដោយផ្ទាល់ចំពោះប្រជាពលរដ្ឋ៕