(ភ្នំពេញ)៖ យុវតីវ័យក្មេងស្រស់ស្អាតម្នាក់ បានខ្ចីម៉ូតូគេបើកទៅទិញម្ហូប បែរជាយកម៉ូតូនោះ ទៅដាក់បញ្ចាំជាមួយសង្សារ នៅផ្សារឃ្លាំងរំសេវ បាត់២ថ្ងៃ ត្រូវម្ចាស់ម៉ូតូឃើញចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលចាត់ការតាមនីតិវិធី។

ហេតុការណ៍ឃាត់ខ្លួន បានកើតឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា យុវតីយកម៉ូតូគេទៅបញ្ចាំរូបនោះមានឈ្មោះ ប៉ុន ពិសី អាយុ១៥ឆ្នាំ ស្នាក់នៅភូមទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទីកន្លែងកំណើតភូមិ០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន និងសង្សារឈ្មោះ កុល សម្បត្តិ អាយុ២០ឆ្នាំ មុខរបរបុគ្គលិកមីហឹរ នៅសង្កាត់ស្ទឹងមានជ័យ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ប៉ន ស៊ីណា អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ស្នាក់នៅ ក្នុងការដ្ឋានភូមិទួលពង្រ សង្កាត់ចោមចៅ០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រុកកំណើតនៅភូមិស្វាយ ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ម៉ូតូដែលគេយកទៅបញ្ចាំនោះម៉ាកសង់ C125 ស៊េរីឆ្នាំ2011 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BF-5043។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវតីជនសង្ស័យត្រូវបានពូឲ្យខ្ចីម៉ូតូ ដើម្បីទៅទិញម្ហូបកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់កើតហេតុខាងលើ រួចហើយនាង ក៏បានជិះម៉ូតូនោះទៅបាត់តែម្ដង ដោយយកទៅបញ្ចាំជាមួយសង្សារ នៅផ្សារឃ្លាំងរំសេវចំនួន២៥០ដុល្លារ ដើម្បីយកលុយនោះដើរលេងស៊ីចាយហ៊ឺហារ។

ជនរងគ្រោះបានបន្តទៀតថា ពួកគេបានដើររក ស្រាប់តែឃើញនៅសង្កាត់ស្ទឹងមានជ័យ រួចក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី០១ ជួយចាត់ការតាមនីតិវិធី។ ចំណែកឯសង្សាររបស់នាងបានកំពុងរត់គេចខ្លួន។

នៅក្រោយពេលឃាត់ខ្លួន យុវតីដែលជាជនសង្ស័យនោះបានព្រម ទទួលកំហុស និងនាំម្ចាស់ម៉ូតូទៅកន្លែងដែលខ្លួនមិនចាំនៅឃ្លាំងរំសេវ ដើម្បីលោះម៉ូតូនោះយកមកវិញ ហើយម្ចាស់ម៉ូតូ ក៏ព្រមដកពាក្យបណ្ដឹងឈប់ប្ដឹងយុវតីម្នាក់នោះ និងប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី៕