(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «មហោស្រពភាពយន្តអន្ដរជាតិកម្ពុជា លើកទី៨» ត្រូវបានគេដឹងថា នឹងប្រព្រឹត្តធ្វើឡើង​មានរយៈពេល៦​ថ្ងៃ ដែលនឹងមានការចាក់បញ្ចាំង​ ភាពយន្តចំនួន ១៣០ ចំណងជើង មកពី ៤១ ប្រទេសផ្សេងគ្នា ហើយក៏មានសមិទ្ធិករភាពយន្ត អញ្ជើញចូលរួម ចំនួន​៧០​នាក់ មកពី​១៦ ប្រទេស រួមមាន កម្ពុជា, ប៊ូតាន, អាមេរិក, បារាំង, ជប៉ុន, ប៊ែលហ្សិក ប្រ៊ុយណេ, មីយ៉ាន់ម៉ា, កាណាដា, វៀតណាម, ហ្វីលីពិន, ថៃ, កូរ៉េ, អាល្លឺម៉ង់, អង់គ្លេស និង អាល់ហ្សេរីផងដែរ។ មហោស្រពឆ្នាំនេះ នឹងមានការដាក់បញ្ចាំងភាពយន្ត ព្រមទាំងរៀបចំព្រឹត្តិការណ៍ពិសេស ច្រើនជាង​១៦០ដង នៅទីតាំងផ្សេងៗគ្នា ចំនួន១០​ក្នុងរាជធានីភ្នំពេញ។

លោក​ Cedric Eloy ប្រធានមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា បានមានប្រសាន៍ថា «មហោស្រពភាពយន្តអន្ដរជាតិកម្ពុជា មានសេចក្ដីសោមនស្សរីករាយ ជម្រាបជូនថា តារាសម្ដែង ហូលីវូត អ្នកនាង Elodie Yung នឹងផ្ដល់អធិបតីភាពជាប្រធានកិត្តិយ សម្រាប់មហោស្រពឆ្នាំនេះ។ អ្នកនាង Elodie Yung គឺជាតារាសម្ដែងកូនកាត់កម្ពុជាបារាំង ដ៏មានប្រជាប្រិយភាពមួយរូប បានចូលរួមសម្ដែងក្នុង ភាពយន្តហូលីវីដ និងខ្សែភាពយន្តភាគ ដ៏ល្បីល្បាញ ដែលមានចំណងជើងថា ​Marvel​។ គាត់បានចូលរួមចំណែក ក្នុងការលើកស្ទួយ និងផ្សា​ភ្ជាប់សិល្បៈវប្បធម៌របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ លើសពីនេះ វត្តមានពិធីការិនីដ៏ឆ្នើមមួយរូប នៅក្នុងប្រទេសកម្ពុជា ក៏បានផ្ដល់កិត្តិយស ធ្វើជាឯកអគ្គរាជទូត សម្រាប់មហោស្រពឆ្នាំនេះផងដែរ»។

​លោកបន្តទៀតថា ​ភាពយន្តកម្ពុជា រឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» របស់ លោកស្រី អែនជឺលីណា ជោលី ដែលទទួលបានការចាប់អារម្មណ៍ ទូទាំងសកលលោក និង រឿង «THE PATH» របស់លោក Jeanne Labrun ជាខ្សែភាពយន្តបារាំង ដែលបានថតទាំងស្រុងក្នុងប្រទេសកម្ពុជា នឹងត្រូវចាក់បញ្ចាំងជាលើកដំបូង ក្នុងមហោស្រពនេះ។ ខ្សែភាពយន្តខ្មែរ រឿង «ស្ដេចកន» ដឹកនាំដោយលោក ម៉ៅ អាយុទ្ធ និង ខ្សែភាពយន្តដែលកំពុងតែ ទទួលបានការគាំទ្រ ខ្លាំងពីមហាជនទូទៅ «រឿងធ្មប់» របស់លោក ហ៊ុយ យ៉ាងឡេង នឹងមានវត្តមាន នៅក្នុងមហោស្រពឆ្នាំនេះ ផងដែរ។ កម្មវិធីពិសេស រួមមាន ការរំឭកដល់ស្នាដៃរបស់ អ្នកដឹកនាំរឿងខ្មែរដ៏ឆ្នើមមួយរូប នាទសវត្សឆ្នាំ៦០ លោកព្រឹទ្ធិចារ្យ លី ប៊ុនយីម និងការបញ្ជាក់ជាថ្មី នូវខ្សែភាពយន្តដ៏ល្បីល្បាញ រឿង «ពុទ្ធិសែននាងកង្រី»​ រួមទាំងខ្សែភាពយន្តពីររឿង ផ្សេងៗទៀត​។

លោកបានបន្ថែមទៀតថា កម្មវិធីពិសេសបន្តទៀត គឺជាការចាក់បញ្ចាំងខ្សែភាពយន្ត ដែលមានការគាំទ្រខ្លាំង របស់ប្រទេសប៊ូតាន ដោយមានវត្តមានចូលរួម របស់លោក Loday Chopel ដែលជាតួសម្ដែង ក្នុងរឿង «PROPHEGY» ការជ្រើសរើសពិសេស នៃខ្សែភាពយន្ត ដែលលេចធ្លោជាងគេ រួមជាមួយវត្តមាន​របស់អ្នកដឹកនាំ​រឿង ដែលទទួលបានពានរង្វាន់​ជនជាតិបារាំង លោក Lidia Terki និងMorgan Simon។ កម្មវិធីពិសេសនៃការរំឭកដល់ស្នាដៃ របស់អ្នកដឹកនាំរឿងជនជាតិ ហៃទី លោក Raoul Peck ដែលធ្លាប់ជាប់ក្នុងជម្រើសពានរង្វាន់អូស្ការ ដោយមានការចាក់បញ្ចាំង ខ្សែភាពយន្តចុងក្រោយរបស់​គាត់រឿង THE YOUNG KARL MARX។

​បន្ទាប់ទៀត គឺវត្តមានចូលរួមពីសិមិទ្ធិករភាពយន្ត ឯកសារ ដែលមានឈ្មោះបោះសំឡេងមួយរូប លោក Thierry Michel និង ខ្សែភាពយន្តរបស់មហោស្រព Mon Festival ប្រទេសប៊ែលហ្សិក រួមទាំងការរៀបចំកិច្ចពិភាក្សា សិក្ខាសិលាសម្រាប់សមិទ្ធិករភាពយន្ត ឯកសារអាស៊ីអាគ្នេយ៍ ក្រោមកិច្ចសហការ​ជាមួយមជ្ឈមណ្ឌល Kyoto Center for Southeast Asia Studio។ បន្ថែមពីលើនេះទៀត កម្មវិធី Beautiful Planet ដែលជាការដាក់បញ្ចាំងភាពយន្តឯកសារ ទាក់ទងទៅនឹងបញ្ហាបរិស្ថាន ដូចជាការប្រែប្រួសអាកាសធាតុ ជីវិតសត្វព្រៃ និងកិច្ចពិភាក្សា ផ្លាស់ប្ដូរយោបល់ជាមួយអ្នកជំនាញ។ កម្មវិធីគំនូរជីវចល Cartoon of The World Discover the World នឹងមានការដាក់បញ្ចាំង ភាពយន្តគំនូរជីវចលខ្លីៗ យ៉ាងសម្បូរបែប សម្រាប់កុមារ។

គួរបញ្ជាក់ផងដែរថា កម្មវិធីមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា កាលពីឆ្នាំ ២០១៧ ក៏ធ្លាប់មានការចូលរូមផ្ទាល់ ពីសំណាក់លោកស្រី អែនជឺលីណា ជូលី ដែលនេះបង្ហាញឲ្យឃើញថា គឺជាមោទនភាពជាតិ និង ជាកិត្តិយសមួយ របស់ប្រទេសកម្ពុជា៕