(កំពង់ធំ)៖ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី ហ៊ុន ដានី ក្នុងនាមតំណាងឲ្យលោករដ្ឋមន្ត្រី ថោង ខុន នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំការផ្សព្វផ្សាយការយល់ដឹង ស្ដីពីការបញ្ជ្រាបយេនឌ័រ អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ (CEDAW) ការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ដ្រីក្នុងវិស័យទេសចរណ៍ នៅខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកស្រីអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ស្ត្រីដែលបម្រើការងារក្នុងវិស័យទេសចរណ៍ ឲ្យចេះពង្រឹងខ្លួនឯង និងផ្ដល់តម្លៃខ្លួនឯងឲ្យបានខ្ពស់។

ជាមួយគ្នានោះ លោកស្រីបានជំរុញលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ គប្បីដាក់បង្ហាញនូវបញ្ជីរាយឈ្មោះមុខម្ហូប ឬសេវាកម្ម (Menu) របស់ខ្លួន ដោយបញ្ជាក់ពីតម្លៃឲ្យសមរម្យជូនភ្ញៀវដែលទៅទទួលសេវាកម្ម ក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ពីព្រោះការធ្វើបែបនេះជាការបង្កើននូវវឌ្ឍនភាព និងនិរន្តរភាពនៃអាជីវកម្មរបស់ខ្លួនផងដែរ។

លោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង។ ដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព និងការអភិវឌ្ឍ ជាកត្តានាំមកនូវកំណើនភ្ញៀវទេសចរឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលមកទស្សនាកម្ពុជា ជាក់ស្តែងក្នុងឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៦លាននាក់ ក្នុងកំណើន ១១.៨% ដែលនាំមកនូវចំណូល ៣,៦៣៨លានដុល្លារ ជាចលករជំរុញសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន។ ក្នុងបរិបទនេះ គឺមិនអាចកាត់ផ្តាច់ចេញពីការចូលរួមចំណែកដ៏សំខាន់របស់ស្ត្រី ដោយហេតុថា កម្លាំងពលកម្មស្ត្រីមានរហូតដល់ ៦០% នៅក្នុងវិស័យនេះ។

បើតាមលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានបញ្ជាក់ថា នៅឆ្នាំ២០១៧ មានភ្ញៀវទេសចរចំនួន ៦៣៤,៩០៥នាក់ បានមកទស្សនាកម្សាន្តតាមរមណីដ្ឋានទេសចរណ៍នានាក្នុងខេត្តកំពង់ធំ ក្នុងនោះភ្ញៀវដែលឈប់សម្រាកនៅសណ្ឋាគារ និងផ្ទះសំណាក់ចំនួន ១០០,១៩៥នាក់។

លោកប្រធានមន្ទីរបានបន្តថា ក្នុងខេត្តកំពង់ធំ រមណីដ្ឋានទេសចរណ៍ក្នុងខេត្តកំពង់ធំមាន ៣ទីតាំង មានសណ្ឋាគារ៨ទីតាំង ៣២បន្ទប់ មានផ្ទះភ្ញៀវ ៤៨ទីតាំង ៧៤៥បន្ទប់ មានផ្ទះស្នាក់ ១១ទីតាំង ក្នុងនោះនៅតំបន់ប្រាសាទសំបូរព្រៃគុក ៩ទីតាំង មានភោជនីយដ្ឋាន-អាហារដ្ឋាន ៤៦ទីតាំ និងមានមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ ១១នាក់ផងដែរ៕