(សៀមរាប)៖ ក្រសួងបងរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដាក់សម្ពោធជាផ្លូវការនូវស្លាកសញ្ញា ក្រសួងបរិស្ថាន កម្ពុជា-ជប៉ុន នៅលើផ្លាករបស់គម្រោង JCM នៅកម្ពុជា តាមរយៈការបំពាក់ប្រព័ន្ធអំពូលបំភ្លឺផ្លូវ LED ប្រកបដោយបច្ចេកវិទ្យាចុង ក្រោយបង្អស់ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ រួមគ្នាបន្តការបង្កើតទីក្រុងឆ្លាត ល្អចំពោះបរិស្ថាន និងដើម្បីជំរុញទាក់ទាញវិនិយោគិន ភ្ញៀវទេសចរជប៉ុនឲ្យមកបណ្ដាក់ទុក ទស្សនាខេត្តសៀមរាប កាន់តែច្រើនទ្វេរឡើង។

កម្មវិធីនេះមានការចូលរួមពីសំណាក់លោក ជួប ប៉ារីស៍ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងលោក ខឺនីឈិ បេសសូ (Kenichi Bessho) អនុប្រធានទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងជាសហប្រធាននៃគណៈកម្មាធិការចម្រុះយន្តការ ឥណទានការបូនរួមគ្នា និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងវត្តមានរបស់លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរអប្សរា ប្រធាន អនុប្រធាននៃមន្ទីរ អង្គភាព ស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិ មួយចំនួនទៀតផងដែរ។

លោក ពៅ ពិសិដ្ឋ បានថ្លែងថា «សម្រាប់នៅខេត្តសៀមរាប យើងបានទទួលជំនួយជាច្រើនពីរាជរដ្ឋាភិបាល និងអង្គការ រួមនឹងសប្បុរសជនជប៉ុន ដែលមានជាអាទិ៍ដូចជា៖ ការកសាងកំណាត់ ផ្លូវជាតិលេខ៦ ដែលមានប្រវែង១៧គីឡូម៉ែត្រ, អាងផលិតទឹកស្អាតទី១, អាងផលិតទឹកស្អាតទី២ (៨៣លានដុល្លារ), កសាងរោងចក្រអគ្គីសនី មានកម្លាំង១០មេហ្គាវ៉ាត់/ម៉ោង, ការជួសជុលប្រាសាទ បាយ័ន និងប្រាសាទអង្គរវត្ត, ការកសាង និងគាំទ្រដំណើការ នៃមន្ទីរពេទ្យកុមារអង្គរ, ជួយសាលារៀនយ៉ាងច្រើនខ្នង/កន្លែង, រួមនឹងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានាទាំងផ្នែករឹង និងផ្នែកទន់ជាច្រើន ទៀតផងដែរ»

លោក ពៅ ពិសិដ្ឋ បានបន្តថា បច្ចុប្បន្ននេះនៅខេត្តសៀមរាប​ មានក្រុមហ៊ុន និងសហគ្រាសឯកជនសរុបចំនួន១១២ក្រុមហ៊ុន កំពុងវិននិយោគលើ ផ្នែកសេវាកម្មទេសចរណ៍។ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធមេត្រីភាពជាមួយ ខេត្ត-ក្រុង របស់ប្រទេសជប៉ុន ដូចជា៖ ក្រុងកូតា នៃខេត្តអាយឆិ, ខេត្តខាណាហ្គាវ៉ា, និងក្រុងកូម៉ាត់ស៊ុយ ក្នុងគោលបំណង លើកកម្ពស់វិស័យ កសិកម្ម, អប់រំ, សង្គមកិច្ច,សុខាភិបាល, ការងាររដ្ឋបាលសាធារណៈ, វិស័យវប្បធម៌, សេដ្ឋកិច្ច, បរិស្ថាន, និង​ទេសចរណ៍ជាដើម។

លោក ខឺនីឈិ បេសសូ បានថ្លែងថា ក្នុងពិធីបើកនេះថា JCM គឺជាកម្មវិធីដែលរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់បណ្ដាប្រទេស កំពុងអភិវឌ្ឍន៍នានា តាមរយៈការផ្សព្វផ្សាយពីបច្ចេកវិទ្យា និងផលិតផលដែលល្អ ឈានមុខគេនៅក្នុងការបង្កើនប្រសិទ្ធភាពថាមពល។ កម្មវិធីនេះ នឹងរួមចំណែកដល់ការបង្កើតទីក្រុងឆ្លាត ហើយល្អចំពោះបរិស្ថាន។

លោក ខឺនីឈិ បេសសូ បានបន្តថា រដ្ឋាភិបាលជប៉ុនកំពុងផ្សព្វផ្សាយកម្មវិធីនេះ ជាមួយរដ្ឋាភិបាលកម្ពុជា កិច្ចប្រជុំគណៈកម្មាធិការចម្រុះJCM ជប៉ុន-កម្ពុជា ដែលលោកបានធ្វើ ជាសហប្រធាននេះ បានរៀបចំឡើងចំនួន៣ដង ហើយរហូតដល់ពេលនេះ។ ហើយគម្រោងនេះ ត្រូវបានចុះបញ្ជីនៅក្នុងគម្រោង JCM នៅឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនMinibea Mitsumi។ តាមរយៈការបំពាក់ប្រព័ន្ធអំពូលបំភ្លឺផ្លូវ LED ប្រកបដោយបច្ចេកវិទ្យាចុងក្រោយបង្អស់ធ្វើ ឲ្យការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងដែលយើងត្រូវរួមគ្នាក្នុងការបន្ត ការបង្កើតទីក្រុងឆ្លាតហើយល្អចំពោះបរិស្ថាន។

លោក ជួប ប៉ារីស៍ បានថ្លែងថា ការប្រែប្រួសអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយសម្រាប់ទាំងអស់នៅលើពិភពលោកដែលបណ្ដាល មកពីកំណើន កំហាប់ឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស ដូច្នេះហើយបានជាមានវិធានការណ៍ជាច្រើន ត្រូវបានលើកឡើងដើម្បីកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់។ ក្នុងបរិបទនេះ ប្រទេសកម្ពុជា និងប្រទេសជប៉ុន បានខិតខំយ៉ាងណាដើម្បីសម្រេច ឲ្យបានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសម្រេចជម្រុញភាពជាដៃគូ លើការអភិវឌ្ឍន៍បច្ចេវិទ្យាការបញ្ចេញការបូនតិច។

លោក ជួប ប៉ារីស៍ គូសបញ្ជាក់ថា តាមរយៈភាពជាដៃគូរនេះ ប្រទេសកម្ពុជា និងជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា តាមរយៈគម្រោងយន្តការឥណទានការបូនរួមគ្នា និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក សម្រាប់ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅនៅលើភពផែនដី៕