(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់កម្ពុជាក្នុងវិស័យដោះមីនកម្ពុជា បានបង្ហាញនូវក្តីឈឺចាប់ខ្លោចផ្សាចំពោះទុក្ខវេទនារបស់ប្រជាពលរដ្ឋ ពិសេសកូនក្មេង នៅតំបន់ដែលរងការ ទម្លាក់គ្រាប់បែកគីមី ដោយអាមេរិកដែលកើតមកហើយមានសភាពពិការដែលជាបន្ទុកដ៏ធ្ងន់របស់គ្រួសារ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា យោងតាមការធ្វើការស្រាវជ្រាវស្វែងរកទីតាំងគ្រាប់បែកចង្កោម និងគ្រាប់បែកគីមីនៅឃុំគគី និងឃុំផ្សេងទៀតនៃស្រុករមាសហែក មន្ត្រីជំនាញស៊ីម៉ាក់បានរកឃើញ នូវចំនួនក្មេងកើតមិនគ្រប់ទឹក និងពិការជាច្រើន ដែលឃើញហើយខ្លោចផ្សាចិត្ត។

លោក ហេង រតនា បានថ្លែងថា «តាមព័ត៌មានដែលយើងមាន កុមារដែលកើតមកនៅទិសខាងនោះ (តំបន់រងការទម្លាក់គ្រាប់បែកគីមី) តាមព័ត៌មានដែលយើងមាន គឺមានប្រមាណជាង៥០ដងដែលកើតមក គឺកុមារពិការ មានន័យថាពិការខួរក្បាល ពិការដៃពិការជើង។ យើងជួបប្រទះពេលខ្លះឃើញថ្នាក់ក្រោយគេបាញ់រូបមក មើលទៅក្តៅខ្លួន បានន័យថាវាឈឺចាប់ពេក ដែលមើលឃើញទុក្ខវេទនាធ្ងន់ធ្ងរណាស់»

អគ្គនាយករូបនេះបានបញ្ជាក់ថា ការងារចំពោះមុខពាក់ព័ន្ធនឹងបញ្ហាគ្រាប់បែកគីមីនេះ គឺទាមទារឲ្យមានការប្រមូលផ្តុំនូវអ្នកវិទ្យាសាស្ត្រ គីមីសាស្ត្រ សុខភាព និងបរិស្ថានដើម្បីវាយតម្លៃផលប៉ះពាល់ ចំពោះប្រជាពលរដ្ឋនៅតំបន់នោះឲ្យបានច្បាស់លាស់ ដើម្បីមានមូលដ្ឋានមួយត្រឹមត្រូវ ក្នុងការដោះស្រាយ។

លោក ហេង រតនា បានឲ្យដឹងទៀត នៅរយៈពេល២សប្តាហ៍មុខនេះ មន្ត្រីជំនាញបានរកឃើញទីតាំងគ្រាប់បែកគីមី នៅឃុំគគីរ និងឃុំមួយទៀតនៅក្បែរនោះចំនួន១៤ទីតាំងថ្មីទៀត ដែលធ្វើឲ្យចំនួនទីតាំងគ្រាប់បែកកើនឡើងដល់ជាង៤០ទីតាំង។

សូមជម្រាបថា ដោយសារឥទ្ធិពលសារធាតុគីមី បានបង្ខំឲ្យពលរដ្ឋឃុំគីគរ ត្រូវបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ បន្ទាប់ពីមានបញ្ហាសុខភាព ដោយសារថប់ដង្ហើម និងរមាស់លើស្បែក។ របាយការណ៍របស់មន្ទីរសុខាភិបាល បានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដល់ ១៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានពលរដ្ឋឃុំគីគរចំនួន១៤១នាក់ បានទៅពិនិត្យសុខភាព និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងមន្ទីរពេទ្យបង្អែកស្រុករមាសហែក ក្នុងនោះអ្នកជំងឺដែលសង្ស័យប៉ះពាល់ជាមួយសារធាតុគីមីមានចំនួន១០៩នាក់ និងអ្នកជំងឺដែលមិនប៉ះពាល់ជាមួយ សារធាតុគីមីមានចំនួន៣២នាក់។

គ្រាប់បែកគីមីជាអាវុធដ៏ប្រល័យលោក ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់។ អនុសញ្ញាស្តីពីអាវុធគីមីបានចែងថា ប្រទេសជាម្ចាស់អាវុធគីមី មានកាតព្វកិច្ចទទួលខុសត្រូវលើ គ្រាប់បែកគីមីរបស់ខ្លួន ហើយក៏ត្រូវទទួលភារៈបោសសំអាត គ្រាប់បែកគីមីទាំងនេះផងដែរ។ តាមអនុសញ្ញានេះ អាមេរិកត្រូវតែមានកាតព្វកិច្ចបោសសំអាតគ្រាប់បែកគីមីលើដីខ្មែរ ហើយសងការខូចខាត បណ្តាលមកពីគ្រាប់បែកគីមីនេះ។

របាយកាណ៍របស់ស៊ីម៉ាក់ បានបង្ហាញថាចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៥ អាមេរិកបានទម្លាក់គ្រាប់បែកជាច្រើនប្រភេទលើដីខ្មែរ ក្នុងនោះមានគ្រាប់បែកគីមីផងដែរ។ គ្រាប់ដែលទម្លាក់មានទម្ងន់ប្រមាណ ២លាន៨សែនតោន៕