(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងមតិមួយចំនួន បានលើកឡើងថា ការបង្កើតពន្ធនាគារទំនើបដោយតម្រូវឲ្យបង់ថ្លៃ ដែលសាងសង់ដោយអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ជាមួយវិស័យ​ឯកជន មានសារប្រយោជន៍សម្រាប់តែ អ្នកមានលុយនោះ នៅថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឆ្លើយតបទៅវិញថា អ្នកវិភាគនិយាយនេះ មិនខុសនោះទេ ប៉ុន្ដែ​មិនទាន់គ្រប់ជ្រុងជ្រោយនោះឡើយ។

សម្ដេចក្រឡាហោម ស ខេង បានពន្យល់ថា ការបង្កើនឲ្យមានកន្លែងឃុំឃាំងបង់ថ្លៃនេះ គឺជួយសម្រួលបាន ទាំងអ្នកជាប់ឃុំមានលុយ និងអ្នកជាប់ឃុំដែលក្រីក្រ ព្រោះថា នៅដែលអ្នកមានលុយ ទៅនៅកន្លែងឃុំដែលតម្រូវឲ្យបង់លុយនោះ នឹងធ្វើឲ្យកន្លែងនៅចាស់មានសភាពទូលាយឡើយវិញ ពោលគឺអ្នកជាប់ឃុំដែលក្រីក្រមិនពិបាកនៅចង្អៀតទៀតនោះទេ។

សម្ដេចក្រឡាហោម បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធជាមួយបញ្ហាពន្ធនាគារ អ្នកវិភាគនិយាយថា តែការវិភាគហ្នឹងត្រូវទេ ​​ប៉ុន្ដែខ្វះ ថាការធ្វើកន្លែងឃុំឃាំងហ្នឹង បានតែអ្នកមានលុយ អាហ្នឹងវាត្រូវចឹងមែន បើអត់លុយទៅនៅមិច​ និយាយហ្នឹងត្រូវ ប៉ុន្ដែមិនបានគិតដល់មួយជ្រុងទៀតថា អ្នកមានដែលកំពុងនៅ ជាមួយអ្នកក្រនេះ​វាចង្អៀតណែន​ ហើយបើអ្នកមានហ្នឹងវាចេញទៅជួលអាណុង (កន្លែងឃុំឃាំងបង់ថ្លៃ) មិនធ្វើឲ្យអ្នកក្រស្រឡះកន្លែងទេអី»

សម្ដេចឧបនាយករដ្ឋមន្ដ្រី បន្ដថា «​ការបង្កើនពន្ធនាគារបង់ថ្លៃ ​ជួយសម្រួលបានទាំងអស់តើ ប៉ុន្ដែគាត់ (អ្នកវិភាគ) និយាយ​តែមួយជ្រុង តែធម្មតាទេអ្នកវិភាគគ្រាន់តែនិយាយ ប៉ុន្ដែយើងអ្នកធ្វើ យើងបានគិតថា បើអគារហ្នឹងបង់លុយ ទាល់តែអ្នកមានលុយបង់បានទៅនៅបាន បើគ្មានលុយបង់ទៅនៅមិចបាន ប៉ុន្ដែយ៉ាងហោចណាស់កាលណាគាត់ចេញទៅ អ្នកដែលនៅអត់មានលុយបង់នេះស្រួលនៅ»

​ថ្លែងបែបនេះ​​ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២​០១៨នេះ ក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង។

ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានបង្ហាញការគាំទ្រចំពោះ​ការ​សហការ​ជាមួយ​វិស័យឯកជន ក្នុងការ​ពង្រីក​ពន្ធនាគារ និងឯកភាព​ចំពោះ​ការ​ថែម​ថវិការដ្ឋ​ដើម្បី​កសាង​សពន្ធនាគារ​ដែល​ចាស់​ទ្រុឌ​ទ្រោម ព្រោះសម្ដេចពិតជាមានការព្រួយបារម្ភពីភាពចង្អៀតណែនាំមន្ទីរឃុំឃាំង នៅក្នុងប្រទេសកម្ពុជា។

តាមការគ្រោងទុកមន្ទីរឃុំឃាំងបង់ថ្លៃ ដែលនៅក្បែរអប់រំកែប្រែម១ (ព្រៃស) ស្ថិតក្នុងខណ្ឌដង្កោ​ នឹងត្រូវសាងសង់រួចជាស្ថាពរ នៅពាក់កណ្ដាល ឆ្នាំ២០១៨ខាងមុខនេះ, នេះការឲ្យដឹងរបស់ សម្ដេចក្រឡាហោម ស ខេង។

សូមជម្រាបថា ពន្ធនាគារទំនើបដំបូងគេ ដែលអនុញ្ញាតឲ្យអ្នកមានកម្រិតជីវភាពធូរធាស្នាក់នៅ ជាមួយនឹងការគ្រប់គ្រង ដោយប្រព័ន្ធសុវត្ថិភាពយ៉ាងល្អិតល្អន់ ហើយពន្ធនាគារថ្មីនេះ រំពឹងថានឹងជួយសម្រួល ភាពចង្អៀតណែនក្នុងពន្ធនាគារបច្ចុប្បន្ន និងនាំមកនូវប្រាក់ចំណូល ជូនរាជរដ្ឋាភិបាលទៀតផង៕