(ភ្នំពេញ)៖ ​កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ជូនលោកជំទាវឧកញ៉ា សាត ណាវី ដែលត្រូវជាភរិយាអ្នកឧកញ៉ា ដួង ឈីវ ក្រោយអ្នកឧកញ៉ា បានទទួលមរណភាព កាលពីវេលាម៉ោង១៖២៥នាទី រំលងអាធ្រាត្រចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ៧៧ឆ្នាំ។

នៅក្នុងលិខិតរំលែកទុក្ខ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានថ្លែងថា «​ការទទួលមរណភាពរបស់អ្នកឧកញ៉ា ដួង ឈីវ គឺការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដល់លោកជំទាវឧកញ៉ា និងបុត្រីធីតា ព្រមទាំងក្រុមគ្រួសារ។ ជាមួយគ្នានេះ អ្នកឧកញ៉ា ដួង ឈីវ បានបូជានូវកម្លាំងកាយ កម្លាំងចិត្ត និងចូលរួមជាវិភាគទានក្នុងការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ជាបន្ដបន្ទាប់ដែលក្នុងឋានៈអ្នកឧកញ៉ា ជាប្រធានកិត្តិយសសមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានសមាគមចិនទៀជីវនៅកម្ពុជា ព្រមទាំងក្នុងអំឡុងពេលដែលអ្នកឧកញ៉ា បំពេញមុខងារជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន នាពេលកន្លងមក»

តាងនាមឲ្យលោកជំទាវ សាន ណាវី, លោកឧត្តមសេនីយ៍ឯក ដួង ហេង ដែលត្រូវកូនប្រុសនៃសព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្ដិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោក និងសូមជូនពរឲ្យ​ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ជួបតែសុខភាពរឹងមាំ និងជោគជ័យលើការងារដឹកនាំប្រទេសជាតិ កាន់តែរីកចម្រើនថែមទៀត។

លោកជំទាវឧកញ៉ា សាត ណាវី ដែលត្រូវជាភរិយារបស់សពអ្នកឧកញ៉ា ដួង ឈីវ ព្រមទាំងកូនៗ៤នាក់ រួមមាន៖ លោកឧត្តមសេនីយ៍ឯក ដួង ហេង លោកឧត្តមសេនីយ៍ឯក ដួង ហេង មេបញ្ជាការរង កងអង្គរក្ស និងភរិយា, លោក ដួង តិច និងភរិយា, លោក​ ដួង ស្រ៊ុន និងភរិយា និងលោក ដួង វិបុល និងភរិយា ព្រមទាំងបុត្រ និងក្រុមគ្រួសារទាំងអស់ បានរៀបចំពិធីបុណ្យសពនៅគេហដ្ឋាន ផ្ទះលេខ២០៩ ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សពអ្នកឧកញ៉ា ដួង ឈីវ នឹងត្រូវក្រុមគ្រួសារដង្ហែយកទៅបញ្ចុះនៅជិតទីលានថ្មសានរបស់សមាគមត្រកូលយ៉ាង ស្ថិតនៅតាមផ្លូវលេខ៥១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ។

នេះជាការជូនដំណឹងមរណភាពដល់ញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមពិធីបុណ្យសពឲ្យបានគ្រប់ៗគ្នា៕