(សៀមរាប)៖ យោងតាមរបាយការណ៍សកម្មភាពការងារ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា ប្រចាំខែមករា ឆ្នាំ២០១៨ បានឱ្យដឹងថា ពេញមួយខែមករាកន្លងទៅនេះ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ជួយសង្គ្រោះ និងប្រគល់របស់ជូនភ្ញៀវវិញបានចំនួន ៤០ករណី និងហាមឃាត់ភ្ញៀវដែលប្រព្រឹត្តិមិនសមរម្យបានចំនួន ១០០ករណី។

ភ្ញៀវដែលត្រូវបានជួយសង្គ្រោះទាំង៤០ករណីខាងលើ រួមមាន​​ ភ្ញៀវដែលរងរបួសដោយរអិល ឬជំពប់ជើង ដួល គ្រិច ថ្លោះដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វស្វាខាំ និងពស់ចឹកជាដើម។ បញ្ហាទាំងនេះ កើតឡើងដោយសារភ្ញៀវ ខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬស្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។ បញ្ហាទាំងនេះ ត្រូវបានភ្នាក់ងារទេសចរណ៍ ជួយសង្រោះបឋមទាន់ពេលវេលានៅកន្លែងកើតហេតុ (ក្នុងករណីស្រាលៗ) និងសហការជាមួយនគរបាលទេសចរ និងនគរបាលការពារបេតិកភណ្ឌ បញ្ជូនទៅមន្ទីរពេទ្យក្នុងរកណីរបួសធ្ងន់ធ្ងរ។

លើសពីនេះ ក្រុមភ្នាក់ងារទេសចរណ៍ ក៏បានរើសរបស់របរភ្ញៀវដែលភ្លេច ឬជ្រុះនៅតាមប្រាសាទចំនួន ២៨ករណី ដោយបានរកឃើញនិងប្រគល់ជូនម្ចាស់វិញបាន ២៥ករណី។

ក្រៅពីការសង្គ្រោះ ការរើសរបស់ភ្ញៀវ ក្រុមភ្នាក់ងារទេសចរណ៍ក៏បានហាមឃាត់ភ្ញៀវដែលប្រព្រឹត្តិមិនសមរម្យបានចំនួន ១០០ករណី រួមមាន៖ ការបង្ហោះយន្តហោះត្រូន (Drone) ជនបរទេសថតរូប អាពាហ៍ពិពាហ៍ដោយគ្មានការអនុញ្ញាត ការថតរូបបញ្ចេញកាយវិការមិនសមរម្យ ឡើងកន្លែងហាមឃាត់ និងគ្រោះថ្នាក់ លួចដុំថ្មប្រាសាទ ស្លៀកពាក់ស៊ិចស៊ី ប្រើប្រាស់ម៉ាស៊ីនថតខ្នាតធំ ថតរូបម៉ូដែល លួចថតវីដេអូដើម្បីផ្សព្វផ្សាយធ្វើអាជីវកម្មជាដើម។ ក្រោយពីហាមឃាត់ ក្រុមការងារក៏បានណែនាំតាមគោលការណ៍ដែលមានជាធរមាន និងដាក់សំណើសុំច្បាប់អនុញ្ញាត ពីអាជ្ញាធរជាតិអប្សរាជាមុនសិន ក្នុងករណីណាមួយដែលត្រូវឆ្លងកាត់អាជ្ញាធរជាតិអប្សរា៕