(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៧ ការបោសសម្អាតមីនបានផ្ទៃដីចំនួនជាង១.៦៨០គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋសម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា និងបានរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន១.០៤៧.៤៤៧គ្រាប់, មីនប្រឆាំងរថក្រោះ២៤.៦១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម២.៧១៣.៦០៦គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួនជនរងគ្រោះ ធ្លាក់ចុះពី៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៧កន្លងទៅ។

ការថ្លែងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ខណៈអាជ្ញាធរមីន សហការជាមួយអាជ្ញាធរដែនដី ប្រតិបត្តិករសកម្មភាពកំចាត់មីន និងអង្គការជាតិ-អន្តរជាតិ ដែលពាក់ព័ន្ធ រៀបចំប្រារព្ធខួបលើកទី១៩ ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ នៅវេទិកាអុំទូកខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ប្រតិបត្តិករសកម្មភាពមីន អង្គការពាក់ព័ន្ធនានា ព្រះសង្ឃ យាយជី តាជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង១.៣០០នាក់។

ទេសរដ្ឋមន្ដ្រី លី ធុជ បានថ្លែងថា ការបោសសម្អាតមីនគឺធ្វើឡើងតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដើម្បីឲ្យប្រជាពលរដ្ឋតាំងទីលំនៅ ធ្វើស្រែចំការ ដែលជាការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ដោយដៃម្ខាងបោសសម្អាតមីន និងដៃម្ខាងប្រយុទ្ធប្រឆាំងជាមួយការវិលត្រឡប់មកវិញ នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ដោយលោក ឃិន ញ៉ាណ អភិបាលស្តីទី នៃគណៈអភិបាលខេត្តឧត្តរមានជ័យរួចមកលោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានអានសារលិខិតស្តីពីទិវាជាតិយល់ដឹង ពីមីនលើកទី១៩ របស់សម្តេចតេជោ ហ៊ុន សែន ហើយក៏បន្តដោយចំណាប់អារម្មណ៍របស់លោក Edwin Faigmane ទីប្រឹក្សាមីន UNDP តំណាងឲ្យដៃគូរអភិវឌ្ឍន៍។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងនឹករលឹកជាទីបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាជ្ញាធរមីន ប្រគេនជូនចំពោះអង្គពិធីទាំងមូល និងថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ និងដៃគូនានា ដែលបានជួយរៀបចំទិវាដ៏មានសារសំខាន់នាថ្ងៃនេះ ដើម្បីរួមចំណែកលើកកំពស់បន្ថែមទៀត នូវការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបានជម្រាបជូនអង្គមិទ្ទិញនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ស្តីអំពី «ការផ្តល់សេវាថែទាំសុខភាព ដោយឥតបង់ថ្លៃដល់បុគ្គលិក និងអ្នកជំនាញដោះមីន នៃប្រតិបត្តិករបោសសម្អាតមីន» ថ្លែងក្នុងឱកាសចុះសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតំបន់វត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

ជំនួសមុខឲ្យប្រតិបត្តិករជាតិ-អន្តរជាតិ រួមមាន CMAC, HALO Trust, MAG, NPA និងអង្គកាដោះមីនកម្ពុជា ដែលមានបុគ្គលិកសរុបទាំងអស់ប្រមាណ ២.៤៨៩នាក់ ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តមេត្តាធម៌ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្តេចតេជោ ចំពោះបុគ្គលិកជំនាញដោះមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។

ទេសរដ្ឋមន្ត្រី បានរំលឹកថា កម្ពុជាបានចាប់ផ្តើមការងារបោសសំអាតមីនជាលក្ខណៈមនុស្សធម៌ ចាប់តាំងពីឆ្នាំ១៩៩២ ដើម្បីធានាសុវត្ថិភាព និងផ្តល់ដីបង្កបង្កើនផលជូនប្រជាពលរដ្ឋ បន្ទាប់មកការបោស សំអាតមីនត្រូវបានធ្វើឡើងដើម្បីសង្គ្រោះជីវិតកាត់បន្ថយគ្រោះថ្នាក់ និងគាំទ្រដល់កិច្ចអភិវឌ្ឍន៍នានា។ ដោយមានការជ្រោមជ្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល និងសហគមន៍ផ្តល់ជំនួយ ដល់ប្រតិបត្តិករបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមនានារួមមាន៖ កងយោធពលខេមរភូមិន្ទ, មជ្ឈមណ្ឌលជាតិ NPMEC, មជ្ឈមណ្ឌលជាតិ CMAC, អង្គការ HALO Trust, អង្គការ MAG, អង្គការ NPA, អង្គការ CSHD និងអង្គការស្ម័គ្រចិត្តមួយចំនួនទៀត បានប្រតិបត្តិការបោសសម្អាតមីនយ៉ាងសកម្ម។

លោកទេសរដ្ឋមន្ត្រី បានបន្តអំពាវនាវដល់បងប្អូនត្រូវចេះជួយណែនាំអប់រំក្រុមគ្រួសារ និងអ្នកជិតខាងខ្លួន គោរពតាមការណែនាំ និងចង្អុលបង្ហាញរបស់អាជ្ញាធរមូលដ្ឋាន អង្គការ ឬប្រតិបត្តិករទាំងឡាយណា ដែលបានអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវចេះអប់រំគ្នាបន្ត ពិសេសជួយអប់រំដល់ប្រជាពលរដ្ឋចំណូលថ្មី ឬអ្នកដែលធ្វើដំណើរឆ្លងកាត់។ ចំពោះប្រតិបត្តិករ ដែលកំពុងអនុវត្តការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សូមចូលរួមអប់រំប្រជាពលរដ្ឋឲ្យបានសកម្ម និងជាប្រចាំ ពិសេសត្រូវយកចិត្តទុកដាក់ ពិនិត្យតាមដាន និងកំណត់មុខសញ្ញាជនដែលងាយរងគ្រោះថ្នាក់ ដើម្បីធ្វើការអប់រំ។

ជាមួយគ្នានេះ ត្រូវខិតខំឆ្លើយតបដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា នូវសំណូមពររបស់ប្រជាពលរដ្ឋ ដោយប្រមូល និងកំទេចចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលប្រជាពលរដ្ឋ បានរាយការណ៍។ ទន្ទឹមនឹងនេះដែរ លោកក៏បានអំពាវនាវដល់ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជននានា សូមបន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងថវិកា ដើម្បីបន្តនិរន្តរភាព ក្នុងការអនុវត្តសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងសូមលើកទឹកចិត្តអោយគ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិទាំងអស់ បន្តយកចិត្តទុកដាក់រិះរកវិធីសាស្ត្រផ្សេងៗ ក្នុងការអនុវត្តសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអោយកាន់តែមានប្រសិទ្ធភាពថែមទៀត ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរមីន។

ទេសរដ្ឋមន្ត្រី បានបន្ថែមថា យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ ដីសង្ស័យមានផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅមានប្រមាណជាង ១៩៧០គីឡូម៉ែត្រការ៉េ ក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមដែលមានតម្រូវការថវិកាប្រមាណ ៤០៦លានដុល្លារ សម្រាប់រយៈពេលពីឆ្នាំ ២០១៨ ដល់ ២០២៥។

ជាកិច្ចបញ្ចប់ លោកទេសរដ្ឋមន្រ្តី ក៏បានចែកជូននូវសៀវភៅសិក្សា និងថវិកាដល់សិស្សានុសិស្ស និងអ្នកចូលរួមក្នុងអង្គមិទ្ទិញផងដែរ៕