(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦(6th JTC) ដែលមានរយៈពេលពីរថ្ងៃពីថ្ងៃទី២១ ដល់ ២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កម្ពុជា និងថៃបានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ប៊ីលានដុល្លារនៅឆ្នាំ២០២០។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមគណៈអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក សុនធិរ៉ាត់ សុនធិជីរ៉ាវង្ស (Sontirat Sontijirawong) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងតំណាងវិស័យឯកជននៃប្រទេសទាំងពីរជាង១០០នាក់ ដើម្បីពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃលទ្ធផល ដែលបានអនុម័តនៅឯកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម រវាងកម្ពុជានិងថៃលើកទី៥ នៅទីក្រុងបាងកក ប្រទេសថៃ ឆ្នាំ២០១៥ និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមថ្មីនានា ដូចជាការនាំចូលជ្រូក ការនាំចូលខ្សែភាពយន្ត ការនាំចូលប្រេងឥន្ធៈ ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា និងការអនុវត្តច្បាប់គយថ្មីរបស់ថៃ។

ក្រៅពីការបង្កើនទំហំពាណិជ្ជកម្ម ភាគីកម្ពុជា បានស្នើភាគីថៃ បន្ថែមរយៈពេលនៃការនាំចូលពោតពីកម្ពុជារហូតដល់ខែតុលារៀងរាល់ឆ្នាំ ដែលពីមុនការនាំចូលពោតមានរយៈពេលតែប្រាំខែ (ខែមីនា ដល់ខែសីហា) តែប៉ុណ្ណោះ។ លើសពីនេះ ភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារចម្រុះ ដែលនឹងត្រូវកោះប្រជុំលើកទី១របស់ខ្លួន នៅក្នុងរយៈពេល៣ខែ បន្ទាប់ពិកិច្ចប្រជុំ 6th JTC។

ទន្ទឹមគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការបើកច្រកព្រំដែន កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ជាដើម។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារចំនួនពីរ គឺ(១) យុទ្ធសាស្ត្រកំណើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តាខេត្តជាប់ព្រំដែន និង (២) អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។ បន្ថែមពីនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម លើកទី៦ របស់កម្ពុជា ប្រកបដោយជោគជ័យ និងបានប្តេជ្ញាទ្រទ្រង់ និងជំរុញយន្តការកិច្ចសហប្រតិបត្តិការនានា ដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគ៕