(កំពត)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញនេះ សិស្សនៅវិទ្យាល័យសម្តេច ហ៊ុន សែន អង្គស្តុក ស្ថិតនៅភូមិស្តុក ឃុំសំឡាញ់ ស្រុកអង្គរជ័យ និងសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់ ក្នុងស្រុកដងទង់ ខេត្តកំពត ជាង៣០នាក់ទៀត បានបន្តដួលសន្លប់ ខណៈដែលពួកគេកំពុងតែរៀននៅក្នុងថ្នាក់។

សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ អាណាព្យាបាលរបស់សិស្សរងគ្រោះទាំងនោះ បានទទូចដល់អភិបាលខេត្តកំពតលោក ជីវ តាយ និងមន្រ្តីជំនាញសុខាភិបាល ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ជួយរកមូលហេតុ ដើម្បីទប់ស្តាត់ករណីបែបនេះ។ ការអំពាវនាវនេះ ក៏ព្រោះតែការដួលសន្លប់របស់សិស្សសាលា បានកើតឡើងជិត១០ដងមកហើយ តាំងពីចុងឆ្នាំ២០១៧ និងនៅដើមឆ្នាំ២០១៨នេះ។

ជាក់ស្តែង នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ មានសិស្សនារីប្រមាណ១៧នាក់ បានដួលសន្លប់ដេកស្តូកស្តឹង ជាបន្តបន្ទាប់ថែមទៀត ដោយមិនដឹងមូលហេតុដែរ ដែលធ្វើឲ្យ មាតា បិតាសិស្ស មានការព្រួយបារម្មណ៍ ដល់សុខភាព និងសុវត្ថិភាពកូនៗរបស់ពួកគាត់។ ហេតុដូច្នេះហើយ ពួកគាត់សូមអំពាវនាវឲ្យ ដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសលោកអភិបាល ខេត្តកំពត ជួយរកមូលហេតុដែលកូនៗពួកគាត់ បានដួលសន្លប់ជាច្រើនលើក ខណៈកំពុងរៀននៅសាលាវិទ្យាល័យសម្តេច​ ហ៊ុន សែន អង្គស្តុក ក្នុងស្រុកអង្គរជ័យនេះឲ្យមានសុវត្ថិភាព និងធានាដល់ សុខភាពផង។

សមត្ថកិច្ចនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា សិស្សសាលានៃវិទ្យាល័យសម្តេច ហ៊ុន សែន អង្គស្តុក ពិតជា បានដួលសន្លប់ជាបន្តបន្ទាប់មែន កាលពីព្រឹកម្សិលមិញចំនួន១៧នាក់ សុទ្ធជាសិស្សស្រី។

សមត្ថកិច្ចដដែលបានបន្តថា សិស្សសាលាដែលដួលសន្លប់ទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ និងបញ្ជាក់ច្បាស់ពីមូលហេតុ នៃការដួលសន្លប់នៅឡើយទេ។ ដោយឡែកនៅវិទ្យាល័យដងទង់ ក៏មានសិស្សសាលាចំនួន១៤នាក់ បានដួលសន្លប់ផងដែរ។

គួររំលឹកថា បើរាប់ទាំងលើកនេះនៅវិទ្យាល័យសម្តេច ហ៊ុន សែន អង្គស្តុក ស្រុកអង្គរជ័យនេះ មានសិស្សានុសិស្សដួលសន្លប់ចំនួន៧ទៅ៨លើកមកហើយ៕