(បន្ទាយមានជ័យ)៖ ផ្លូវលំរងការខូចខាតរយៈពេល៥ឆ្នាំកន្លងផុតទៅប្រវែងជាង ៤​គីឡូម៉ែត្រមួយខ្សែ ត្រូវបានលោកស្រី​ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជុសជួលឡើងវិញ និងក្រាលគ្រួសក្រហម ស្ថិតនៅភូមិគោកសំរោងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានសមាគមនស្ត្រីកម្ពុជាដើម្បីអភិវឌ្ឍនខេត្តបន្ទាយមានជ័យបានថ្លែងថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាការព្រួយបារម្ភបំផុត​ពីថ្នាក់ដឹកនាំ​ អាជ្ញាធរជាពិសេសគណបក្សប្រជាជនកម្ពុជា ទីណាមានប្រជាពលរដ្ឋទីនោះមានការអភិវឌ្ឍ​ន៍។

លោកស្រីថ្លែងបន្តថា ផ្លូវមួយខ្សែរនេះពិបាកក្នុងការធ្វើចរាចរណ៍ខ្លាំងណាស់គ្រាន់តែប្រវែង ៤គីឡូម៉ែត្រ ចំណាយពេលវេលាអស់រយៈពេលជាង ២០នាទី ទៅ៣០នាទី តែពេលនេះបានជួសជុលឡើងវិញហើយពីផ្លូវដី ទៅជាផ្លូវគ្រួសក្រហមវិញ។

លោក តាសុខ អាយុ៦៥ឆ្នាំ បានបង្ហាញក្តីសប្បាយរីករាយក្រោយផ្លូវក្នុងភូមិរបស់គាត់ត្រូវបានកែលំអរ ដើម្បីសម្រួលការធ្វើដំណើរ។ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់បានថ្នាក់ដឹកនាំមកពីគណបក្សប្រជាជនកម្ពុជាចុះមកជួសជុលផ្លូវលំនេះឡើងវិញ ចង់ទៅណាមកណាម្តងហុយផង រលាកផងចង់ធ្លាក់ថ្លើម កាលពីប៉ុន្មានថ្ងៃមុនចៅស្រីតាក្តៅខ្លួនខ្លាំងណាស់ ដោយតែផ្លុវនេះពិបាកខ្លាំងក៏បណ្តាលស្លាប់មុនដល់មន្ទីរពេទ្យ»។

លោកយាយណយ អាយុ៦៩ឆ្នាំបានថ្លែងថា «ពីមុនផ្លូវនេះពិបាកខ្លាំងណាស់ ហុយដីចូលផ្ទះ ១ថ្ងៃៗគឺបោសនោះបោស រកពេលសម្រាកមិនបានឡើយ ទៅណាមកណាយ៉ាប់ណាស់រកទៅមន្ទីរពេទ្យមិនបានទេ ព្រោះដោយសារតែផ្លូវនេះតែម្តង»។

ក្រៅពីការបង្ហាញក្តីសប្បាយរីករាយបងប្អូនប្រជាពលរដ្ឋក្នុងភូមិ បានថ្លែងអំណរអគុណដល់លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ជូនវត្ថុអនុស្សាវរីយ៍កំដរដៃជាសារ៉ុងជូនប្រជាពលរដ្ឋ​ជិត ១០០នាក់ម្នាក់មួយផងដែរ៕