(ព្រះវិហារ)៖ កម្លាំងរាជអាវុធហត្ថ​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ សហការជាមួយកម្លាំង ក-២ កងពលធំអន្តរាគមន៍លេខ៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដកហូតបាន​ថ្នាំញៀន​សរុបចំនួន៤១កញ្ចប់​ (ក្នុងនោះធំ២៥កញ្ចប់) ស្មើនឹង១០៨.៨៤ក្រាម។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកា​រកងរាជ​អាវុធហត្ថ​ខេត្ត​ព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ដោយអនុវត្តន៍តាមការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការណែនាំពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំង​កង​អាវុធហត្ថ​ស្រុកជាំក្សាន្តចំនួន៩នាក់​​ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ក្រោម​កា​សម្របសម្រួល​ពី​លោក ទី សុរិនថាល់ ព្រះរាជ​អាជ្ញាអមសាលាដំបូង​ខេត្ត​ព្រះវិហារ បាន​ឆ្មក់​ទៅ​បង្ក្រាបបាន​មុខសញ្ញាចែកចាយ នឹងជួញដូរសារធាតុញៀនបានម្នាក់ ព្រមទាំងធ្វើការឆែកឆេលំនៅដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបន្តថា វត្ថុតាងដកហូត​បានរួមមាន៖ ថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា (ម៉ាទឹកកក) ​​ចំនួន​៤១កញ្ចប់​ ក្នុងនោះធំ២៥កញ្ចប់ រួមទាំងវត្ថុតាង មួយចំនួនរួមមាន៖ លុយខ្មែរចំនួន១លារៀល (មួយលានរៀល) ទូរសព្ទដៃ១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន២ រថយន្តម៉ាក NAVARA ពាក់ស្លាកលេខ ភ្នំពេញ២AQ.៩៣.៧៦ មួយគ្រឿង រួមទាំងសម្ភារសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនទៀតផងដែរ។

ជាមួយគ្នានេះផងដែរ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះលោក អ៊ុន ចាន់ដា ដែលលោកបានយកចិត្តទុកដាក់ផ្តល់នូវ ការលើកទឹកចិត្តដល់កងកម្លាំងដែលបង្ក្រាបគ្រឿងញៀន បានមួយករណីលោកឧបត្ថម្ភថវិការ មួយលានរៀលផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕