(ភ្នំពេញ)៖ នៅខែដំបូង ឆ្នាំ២០១៨​នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូបានចំនួនជិត២ម៉ឺនតោន កើនឡើង៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកុម្ភៈនេះ បានបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូ បាន១៨,៧៨៣តោន កើត៣២ភាគរយ ដោយក្នុង១តោនលក់ជាមធ្យមតម្លៃ ១៤៤០ដុល្លារ ដូច្នេះក្នុងខែមករា ការនាំចេញមានទឹកប្រាក់សរុបជាង២៧លានដុល្លារអាមេរិក។

របាយការណ៍ដដែលបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤៣៦,៣៤០ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ១៧០២៣០ហិកតា ស្មើនឹង៣៩ភាគរយ និងផ្ទៃដីថែទាំមានចំនួន ២៦៦១០៩ហិកតា ស្មើនឹង៦១ភាគរយ។

រាជរដ្ឋាភិបាលបានកំណត់គោលដៅផលិតជ័រកៅស៊ូ​ ឲ្យ២៩ម៉ឺនតោននៅឆ្នាំ២០២០។ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១៦ ជាប្រទេសដែលផលិតជ័រកៅស៊ូធម្មជាតិច្រើនលើពិភពលោក៕