(ព្រះសីហនុ)៖ អគ្គិភ័យដែលឆេះក្លិប LV ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ចាប់ផ្តើមពីម៉ោង១១៖៤០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ​ ឆ្នាំ២០១៨ ហើយបានរលត់វិញទាំងស្រុង នៅម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយសមត្ថកិច្ចពន្លត់អគ្គិភ័យ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២គ្រឿង ប្រើប្រាស់ទឹក១៤រថយន្ត។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២​ ខែកុម្ភៈនេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ អគ្គិភ័យនេះបានបង្កឲ្យអ្នកគ្រប់គ្រងតន្ត្រីក្នុងក្លិបម្នាក់ ឈ្មោះ បូរ វេហា ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យនារាជធានីភ្នំពេញ និងបានបង្កឲ្យខូតខាតអាគារ និងសម្ភារមួយចំនួនធំ។

លោកឧត្តមសេនីយ៍បានបន្ថែមថា មូលហេតុបង្កគ្រោះអគ្គិភ័យនេះ គឺកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី។ ម្ចាស់ក្លិបកម្សាន្តនេះ មានឈ្មោះ ឌឹក យូ ភេទប្រុស អាយុ៥២ឆ្នាំ៕