(បន្ទាយមានជ័យ)៖ លោកស្រី ម៉ៅ ម៉ាល័យកែគឹមយ៉ាន ភរិយាឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរប្ររយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរថា ត្រូវចេះរួមគ្នាថែរក្សានូវទ្រព្យសម្បត្តិវប្បធម៌ទាំងឡាយដែលដូនតាខ្មែរបានបន្សល់ទុកឲ្យ។

លោកស្រី ម៉ៅ ម៉ាល័យកែគឹមយ៉ាន បានថ្លែងដូច្នេះក្នុងពេលដឹកនាំក្រុមការងារ រួមទាំងក្រុមរថយន្តខេត្តបន្ទាយមានជ័យ ចុះទៅពិនិត្យ និងចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវដីទៅជាផ្លូវគ្រួសក្រហមប្រវែង ៣គីឡូម៉ែត្រ រួមទាំងសាងសង់ស្ពានឈើសម្រាប់ឆ្លងទៅទស្សនាប្រាសាទសំណាងតាសុខ ស្ថិតនៅភូមិបន្ទាយឆ្មាលិច ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។

លោកស្រី ម៉ៅ ម៉ាល័យកែគឹមយ៉ាន បានថ្លែងថា បច្ចុប្បន្នប្រទេសកម្ពុជាទទួលបាននូវភាពរីកចម្រើន និងអភិវឌ្ឍន៍គ្រប់ទីកន្លែងឥតឈប់ឈរ មិនថាទីក្រុង ឬជនបទឡើយទាំងអស់នេះជាការខិតខំប្រឹងប្រែងដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រីបានថ្លែងបន្តថា ប្រាសាទសំណាងតាសុខនេះវ័យចំណាស និងមានភាពទ្រុឌទ្រោម ជាពិសេសនៅបរិវេណជុំវិញតួប្រាសាទវាព្រៃ ឈើ តូចធំ ដុះជុំវិញ រួមទាំងផ្លូវនាពេលរដូវវស្សា គឺមិនអាចឡើងទៅទស្សនាបាននោះឡើយ។ លោកស្រីបន្តថា ព្រោះតែបញ្ហានេះហើយទើបលោកស្រី ជាពិសេសឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្ត បានសម្រេចសាងសង់ផ្លូវចូលប្រវែង ៣គីឡូម៉ែត្រ ចាក់ក្រាលគ្រួសក្រហម និងបានធ្វើស្ពានឈើទុកសំរាប់អោយភ្ញៀវជាតិ ភ្ញៀវអន្តរជាតិមកទស្សនាប្រាសាទ។

លោកស្រីថ្លែងថា ភ្ញៀវជាតិ អន្តរជាតិដែលបានមកទស្សនាប្រាសាទបន្ទាយឆ្មា ក៏អាចមកទស្សនានៅប្រាសាទសំណាងតាសុខបានហើយ គឺមានផ្លូវចូលក្រាលគ្រួសក្រហមជិតរួចរាល់ហើយ ផ្លូវចូលក៏ស្រួលជាងមុន ដូច្នេះលោកស្រីអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់ គួររក្សានូវទ្រព្យសម្បត្តិ វប្បធម៌ដែលដូនតាបន្សល់ទុក ព្រោះមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ៕