(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានថ្លែងថា ការផ្តល់កាដូសេវាព្យាបាលសុខភាពឥតគិតថ្លៃ របស់សម្តេច ហ៊ុន សែន ជូនអ្នកជំនាញដោះមីន និងប្រតិបត្តិករដោះមីននៅកម្ពុជា គឺជាការជំរុញលើកទឹកចិត្តឲ្យមន្ត្រីកាន់ តែមានភាពស្វាហាប់ ក្នុងប្រតិបត្តិការដោះមីន។

លោក ហេង រតនា បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលនេះថា «ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដ៏ថ្លៃថ្លានេះ គឺជាកត្តាមួយដែលជំរុញឲ្យបុគ្គលិកស៊ីម៉ាក់ និងមន្ត្រីដោះមីនផ្សេងទៀត ក្នុងប្រតិបត្តិការដោះមីននៅកម្ពុជា ឲ្យកាន់តែមានភាពស្វាហាប់ ម៉ឺងម៉ាត់ និងសម្រេចបាននូវភាពជោគជ័យកាន់តែលឿនថែមទៀត។ ខ្ញុំបាទតាងនាមប្រតិបត្តិករបោសសម្អាតមីននៅកម្ពុជា និងមន្ត្រីបុគ្គលិកអង្គភាពស៊ីម៉ាក់ទាំងអស់ សូមគោរពសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តមេត្តាធម៌ និងយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលចំពោះអ្នកជំនាញដោះមីន គ្រាប់សំណល់ពីសង្គ្រាម ដោយសម្តេចតេជោ បានសម្រេចផ្តល់សេវាកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ»

ជាមួយគ្នានេះដែរ អគ្គនាយករូបនេះ បានគោរពជូនពរសម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ឲ្យមានសុខភាពល្អរឹងមាំ ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រដ៍កំសត់នេះ ដោយរក្សាបាននូវសុខសន្តិភាព និងអភិវឌ្ឍន៍រុងរឿងជានិច្ចនិរន្ត។

សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា បានប្រកាសអនុញ្ញាតឲ្យប្រតិបត្តិករដោះមីនទាំងអស់នៅកម្ពុជា មិនថាប្រតិបត្តិករនៅស៊ីម៉ាក់ ឬអង្គការដទៃទេ ឲ្យតែប្រតិបត្តិការដោះមីននៅកម្ពុជា គឺសុទ្ធតែទទួលបានការពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃដូចកម្មករ-កម្មការិនីដែរ៕