(ភ្នំពេញ)៖ ដោយតម្រូវការចាំបាច់ចំពោះមុខ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានសម្រេចធ្វើការសាងសង់អគាររដ្ឋបាលថ្មីមួយបន្ថែមទៀតមានកម្ពស់៦ជាន់ ដែលគ្រោង នឹងប្រើប្រាស់ក្នុងសាងសង់រយៈពេល១៨ខែ ចំណាយថវិការបស់រាជរដ្ឋាភិបាលចំនួន១៤ពាន់លានរៀល។

ពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលអធិការកិច្ចនេះបានប្រព្រឹត្ដទៅ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងជាច្រើនរូបទៀត។

អ្នកនាំពាក្យក្រសួងអធិការកិច្ចបញ្ជាក់ថា ក្រសួងបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន និងកំពុងបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានដោយជោគជ័យ ដោយក្រសួងមួយនេះមានការងារសំខាន់ៗដូចតទៅ៖

ទី១៖ ការងារធ្វើអធិការកិច្ចលើគ្រប់វិស័យទូទាំងប្រទេសជារួមមានធ្វើ អធិការកិច្ចលើកិច្ចការ រដ្ឋបាល, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, ធ្វើការងារតាមដានការអនុវត្តន៍ច្បាប់ និងលិខិតគតិយុត្តិនានាដែលរាជរដ្ឋាភិបាល បានដាក់ចុះដើម្បើលើកកម្ពស់អភិបាលកិច្ចល្អ, ជម្រុញកែលម្អបណ្តាស្ថាប័នរដ្ឋឱ្យអនុវត្តភារកិច្ច ស្របតាមគន្លងច្បាប់, ផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាព និងចូលរួមចំណែកបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ

ទី២៖ ការងារទទួលពាក្យបណ្តឹងមាន៖ បណ្តឹងតវ៉ា បណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ និងការងារចុះអង្កេតស្រាវជ្រាវ ករណីបណ្ដឹង

ទី៣៖ ការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាមាន៖ ធ្វើការផ្សព្វផ្សាយ ច្បាប់ ដែលរដ្ឋសភាបានអនុម័តរួចជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស, រៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន, ចូលរួមពិនិត្យ ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់ក្រសួង ស្ថាប័ននានា, ធ្វើវេទិកាសាធារណៈដើម្បីប្រមូលមតិយោបល់សំណូមពរពីប្រជាជន សម្របសម្រួល ដោះស្រាយសំណូមពររបស់ប្រជាជន

ទី៤៖ ការងារបណ្តុះបណ្តាលមុខជំនាញ អធិការកិច្ចគ្រប់កម្រិតតាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច ដោយក្រសួងបានបង្កើតវិទ្យាស្ថានជាតិអធិការកិច្ច ដើម្បីបណ្ដុះបណ្តាលជំនាញអធិការកិច្ចគ្រប់កម្រិត ជូនដល់មន្ត្រីអធិការកិច្ចទូទាំងប្រទេស៕.