(ភ្នំពេញ)៖ បន្ទាប់ពីបានសិក្សាស្រាវជ្រាវប្រមូលផ្តុំនូវខ្លឹមសារ ទស្សនៈវិស័យ ដោយឈរលើមូលដ្ឋានការអនុវត្តន៍នយោបាយឈ្នះឈ្នះ ទទួលបានសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ គ្រោងនឹងបំពាក់ផ្តែរ (ក្បាច់លើខ្លោងទ្វារចូល) ដែលមានខ្លឹមសារខុសៗគ្នា នៅលើខ្លោងទ្វាជ័យនៃ​សំណង់ វិមានឈ្នះឈ្នះ នាពេលខាងមុខនេះ​។

លោក ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និង​សាងសង់វិមានឈ្នះឈ្នះ បានបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សាការងារ រៀបចំតំបន់សមិទ្ធផលក្នុងទីតាំងវិមាន​ឈ្នះឈ្នះ ថា ក្រោយពីមានការចុះត្រួតពិនិត្យរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅសំណង់វិមានឈ្នះឈ្នះផ្តែរចំនួន​៤​ផ្ទាំង ​និងសិលាចារឹក ​រូបចំលាក់ មួយចំនួនទៀត​ដែលក្រុមវិចិត្រករ បានឆ្លាក់រួចនឹងត្រូវជ្រើសរើស ដើម្បីបំពាក់លើសំណង់វិមានឈ្នះឈ្នះ​។

បើតាមលោកប្រធានក្រុមការងារ ​ក្នុងចំណោមផ្តែរ ដែលត្រូវជ្រើសបំពាក់នោះមានចំនួន​៤​ផ្ទាំង ដែលផ្តែរទី​១៖ បានបង្ហាញពីសុខដុមនីយ៍កម្ម ផ្នែកសាសនាដែលមាន ព្រះពុទ្ធសាសនា ​(​មាននិមិត្តសញ្ញាធម្មចក្រ) គ្រិស្តសាសនា​ (​មាននិមិត្តសញ្ញាឈើឆ្កាង ព្រះគម្ពីរ និង​ព្រាប​) និងឥស្លាមសាសនា (​មាននិមិត្តសញ្ញាព្រះវិហារ និង​តួប៉មលំអរដោយអឌ្ឍច័ន្ទ និង​ផ្កាយនៅផ្នែកខាងចុង​), ផ្តែរទី​២៖ រូបចំលាក់ព្រះឥន្ទ្រ លើដំរីក្បាលបី ​ដែលដំរីនេះជាយានដ៏សំខាន់ នៃការដឹកនាំទាំងឡាយសម្រាប់នាំទៅរកជោគជ័យ ការពារ និង​ភាពសុខសាន្ត, ផ្តែរទី​៣៖ ជាផ្តែររូបចំលាក់បង្ហាញពីគោលនយោបាយឈ្នះឈ្នះ ដែលមានការធានាបីយ៉ាង​រួមមាន​៖ ការធានាកម្មសិទ្ធ ការធានាជីវិត និងការធានាមុខងារ និងចំណែកផ្តែរទី៤៖ ជាផ្តែររូបចំលាក់ព្រះពុទ្ធលោកធាតុទាំង​៥​អង្គ​។

លោក ណឹម សុវត្ថិ បន្ថែមថា រាល់ប្រធានបទនៃផ្តែរនីមួយៗ រចនាឡើងដើម្បីបង្ហាញអំពី ទិដ្ឋភាពប្រវត្តិសាស្រ្តថ្មីមួយដែលទាក់ទង​ការនាំមកនូវសន្តិភាព ដល់កម្ពុជា។​​ មិនត្រឹមតែប៉ុណ្ណោះ ការរចនាទៀតសោត គឺឈរលើមូលដ្ឋានបុរាណ និង​ច្នៃជាទម្រង់សិល្បៈថ្មី ដោយប្រើន័យធៀប និងន័យត្រង់។

ជាពិសេសគំនិត នៃការរចនាផ្តែរប្រវត្តិសាស្ត្រនេះ កើតចេញមកពីទស្សនទាន មួយចំនួនដូចជា៖ ទី១៖ ទស្សនទានរបស់សម្តេចតេជោ ហ៊ុន សែន​ «ខ្មែរបញ្ចប់ សង្រ្គាមដោយខ្មែរខ្លួនឯង» និង «មានតែអ្នកឈ្នះទេ ​ដែលមានសិទ្ធិសរសេរ និងតាក់តែងប្រវត្តិសាស្រ្ត»។ ទី២៖ ទស្សនទានរបស់សមេ្តចពិជ័យ ទៀ បាញ់ «ទម្រាំមានថ្ងៃនេះ» ដែលបានរៀបរាប់អំពីដំណើរ និងប្រវត្តិនានារបស់ថ្នាក់ដឹកនាំ ដើម្បីនាំសន្តិភាពមកកម្ពុជា។

​ដូច្នេះអ្វីជាប្រវត្តិសាស្ត អ្វីជាការពិតចាំបាច់ខ្មែរត្រូវផ្សព្វផ្សាយឲ្យអ្នកជំនាន់ក្រោយបានដឹង ដូចជាឧទាហរណ៌ នៃការច្នៃចេញជាទម្រង់សិល្បៈនេះ ហើយលោក ណឹម សុវត្ថិ ក៏បានថ្លែងអំណរគុណ​ចំពោះការចូលរួមយោបល់ ក្នុងការជ្រើសរើសផ្តែរ សម្រាប់លំអរលើវិមានឈ្នះឈ្នះនេះ៕